(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់អាហារូបករណ៍ ដល់សិស្ស-និស្សិតបរទេស ដែលមានបំណងចង់បន្តការសិក្សាបន្ថែម សម្រាប់ថ្នាក់បរិញ្ញាបត្រ ក៏ដូចជាសិក្សាលើមុខជំនាញនានា នៅប្រទេសខ្លួន។ សម្រាប់ប្រទេសកម្ពុជា ក៏ទទួលបានអាហារូបករណ៍នេះផងដែរ ជាក់ស្ដែង គិតត្រឹមឆ្នាំ២០១៧នេះ មានសិស្ស-និស្សិតកម្ពុជា ជាង១,០០០នាក់ហើយ ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន។
ឱកាសទទួលបានអាហារូបករណ៍នេះ ត្រូវបានរៀបចំដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ហើយនៅល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថានទូតជប៉ុន សហការជាមួយសមាគមអតីតនិស្សិតខ្មែរ ពីប្រទេសជប៉ុន (JAC) បានប្រកាសផ្តល់អាហារូបករណ៍ ដល់សិស្ស-និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន សម្រាប់ឆ្នាំ២០១៨ បន្តទៀតដែរ។
លោក យូមី ស៊ូហ្សឺគី លេខាទី១នៃស្ថានទូតជប៉ុន បានឱ្យដឹងថា ស្ថានទូតនឹងចាប់ផ្តើមបើកទទួលពាក្យសុំអាហារូបករណ៍ជប៉ុន សម្រាប់ឆ្នាំ២០១៨ ជាពីរផ្នែក ដែលមួយផ្នែកតាមក្រសួងអប់រំជប៉ុន តាមរយៈកម្មវិធី MEXT Scholarship និងមួយផ្នែកទៀត តាមរយៈក្រសួងការបរទេសជប៉ុន ហៅកាត់ថា ASJA Scholarship ដែលអាហារូបករណ៍ទាំង២នេះ គឺធំជាងគេ ក្នុងចំណោមអាហារូបករណ៍ដ៏ទៃផ្សេងទៀត សម្រាប់ការទៅសិក្សា នៅប្រទេសជប៉ុន។
លោកបន្តថា ប្រភេទនៃអាហារូបករណ៍មាន ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស ថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ការដាក់ពាក្យប្រឡង ពាក្យសុំប្រឡងអាចរកបាននៅនាយកដ្ឋានអាហារូបករណ៍ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលមានអាសយដ្ឋាន ផ្ទះលេខ២៣ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន (ខាងកើតស្ថានីយទូរទស្សន៍អប្សរា ចម្ងាយប្រមាណ៥០ម៉ែត្រ) បេក្ខជនអាចធ្វើការដាក់ពាក្យទៅកាន់នាយកដ្ឋានអាហារូបករណ៍ ឲ្យបានត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។
លោក បណ្ឌិត វុទ្ធី មុន្នីរ័ត្ន ប្រធាននៃសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) ការចែករំលែកបទពិសោធន៍ជាក់ស្តែង របស់អតីតនិស្សិតអាហារូបករណ៍ជប៉ុន និងបានបង្ហាញពីគន្លឹះដែលងាយទទួលបានអាហារូបករណ៍នេះផងដែរ។
ចំណែកកាលបរិច្ឆេទប្រឡងលើវិញ្ញាសាសរសេរ នឹងប្រព្រឹត្តិឡើងនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។ បេក្ខជនដែលជាប់ក្នុងការប្រឡងសរសេរ នឹងត្រូវឆ្លងកាត់ការសម្ភាសន៍នៅស្ថានទូតជប៉ុន។ ចំពោះលទ្ធផលចុងក្រោយ នឹងត្រូវប្រកាសនាអំឡុងចុងខែធ្នូ ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩២មក និស្សិតកម្ពុជាចំនួន ជាង១,០០០នាក់ បានបន្តការសិក្សានៅប្រទេសជប៉ុន តាមរយៈអាហារូបករណ៍ MEXT នេះ។ ពួកគេក៏បានរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងយល់ដឹងពីប្រជាជនជប៉ុន ក៏ដូចជាពង្រឹងនូវចំណងមិត្តភាព រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនផងដែរ។ ដោយឡែក នៅឆ្នាំ២០១៧ សិស្សនិស្សិតកម្ពុជាដែលបានដាក់ពាក្សប្រឡងសុំអាហារូបករណ៍នេះ មានចំនួន ១,២៥២នា ក្នុងនោះជាប់តែ ២៦នាក់ ប៉ុណ្ណោះ៕