(សៀមរាប)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិ១ឧសភា និងទិវាពិភពលោកដើម្បីសុខភាព និងសុវត្ថិភាពការងារឆ្នាំនេះ បានប្រព្រឹត្តទៅកាន់តែសកម្មផុសផុល ក្រោមបរិយាកាសរីករាយស្និទ្ធស្នាលជាងឆ្នាំមុនៗ ដោយហេតុថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិត និងនិយោជកកាន់តែល្អ និងមានយន្តការត្រីភាគីកាន់តែប្រសើរ។
ថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣១ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ ដើម្បីសន្តិភាពការងារ មុខរបរ និងការអភិវឌ្ឍន៍ និងទិវាពិភពលោក ដើម្បីសុខភាព និងសុវត្ថិភាពការងារ ក្រោមប្រធានបទ «បង្កើនសុក្រឹត្យភាពក្នុងការប្រមូល និងប្រើប្រាស់ទិន្នន័យសុខភាព និងសុវត្ថិភាពការងារ» ជាមួយលោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀបរាម នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាប។
លោករដ្ឋមន្រ្តីថ្លែងយ៉ាងដូច្នេះថា «ការប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣១ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០១៧នេះ បានប្រព្រឹត្តទៅកាន់តែសកម្ម និងផុសផុល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាងឆ្នាំមុនៗ គឺដោយហេតុថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាព រក្សាបាននូវកំណើនសេដ្ឋកិច្ចខ្លាំង មានទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិត និងនិយោជកកាន់តែល្អ និងមានយន្តការត្រីភាគីកាន់តែប្រសើរ ក្នុងការជជែកគ្រប់គ្រងបញ្ហាប្រឈម ដោយឈរលើគោលការណ៍នីតិរដ្ឋ និងបច្ចេកទេស ដោយមានការសហការបច្ចេកទេស ពីអង្គការអន្តរជាតិខាងការងារ»។
លោកបន្តថា កន្លងមក ក្រសួងការងារបានយកចិត្តទុកដាក់ខ្លាំង ចំពោះសុវត្ថិភាព និងសុខភាពរបស់កម្មករ-កម្មការីនី ជាពិសេស បញ្ហាគ្រោះថ្នាក់ការងារដែលកើតមាននៅកន្លែងធ្វើការ និងនៅពេលធ្វើដំណើរទៅបំពេញការងារ នៅតាមរោងចក្រនានា។ ក្រសួងការងារបានបង្កើតគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាព ដែលជាយន្តការត្រីភាគី ដើម្បីរួមចំណែកក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់សហគ្រាសគ្រឹះស្ថាន។ ជាងនេះទៅទៀត ក្រសួងក៏បានសហការជាមួយអង្គការអន្តរជាតិខាងការងារជប៉ុន ក្នុងការអនុវត្តគម្រោងលើកទី២ ស្តីពីការលើកកម្ពស់បទដ្ឋានសុខភាព និងសុវត្ថិភាពការងារវិស័យសំណង់ នៅប្រទេសកម្ពុជា ដែលទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍បន្ថែមទៀត ក្នុងកិច្ចការងារគាំពារសុខភាព និងសុវត្ថភាពរបស់កម្មករ-កម្មការីនីទាំងអស់។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានចេញនូវសារាចរណែនាំស្តីពី ការប្រារព្ធទិវានេះផងដែរ នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ១១,១៦៨ ក្នុងនោះរោងចក្រសហគ្រាសធំៗទូទាំងប្រទេស ១,០០០ ដែលមានកម្មករនិយោជិតប្រមាណ ៧០០ពាន់នាក់ បានរៀបចំពិធីរាំកម្សាន្តសប្បាយលេងល្បែងប្រជាប្រិយ ពិសាបាយសាមគ្គី និងចាប់រង្វាន់ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផង និងទិវាពលកម្មអន្តរជាតិ ១ឧសភាផង ព្រមជាមួយនោះគ្រប់រាជធានី-ខេត្ត ក៏បានចាត់តាំងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា ទៅតាមទីកន្លែង និងកម្មវិធីរៀងៗខ្លួន ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។
ដោយឡែក ក្រសួងការងារក៏បានប្រារព្ធទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភានេះ ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត សហជីពគ្រប់លំដាប់ថ្នាក់ សមាគមនិយោជក និងអង្គការវិជ្ជាជីវៈ ប្រមាណ៤៥០នាក់ ហើយយកវេទិកានេះ ដើម្បីដោះស្រាយសំណូមពរនានា នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ប្រកបដោយបរិយាកាសរីករាយយោគយល់ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ។
ទាំងនេះគឺបានមកពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានខិតខំបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងប្រក្រតីភាពនៃជីវភាព និងបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយជោគជ័យ៕