(ព្រះវិហារ)៖ ទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ ជាមួយបុរសអាយុថ្លៃម្នាក់ ក្រោយរងគ្រោះថ្នាក់ដោយសារជាន់មីន កាលពីពេលកន្លងទៅ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ក្នុងសភាពគួរឲ្យសង្វែក ព្រោះជើងរបស់គាត់ត្រូវបាត់បង់ទាំងសងខាង។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា លោកសឹងតែមិនជឿនឹងទិដ្ឋភាពរាងកាយរបស់អ្នកជំងឺ នាពេលនោះឡើយ ព្រោះលោកមិនដែល ឃើញជនរងគ្រោះណា ជួបគ្រោះថ្នាក់ដល់ថ្នាក់នេះហើយ នៅមានសំណាងបានរស់រានមានជីវិតទៀត។
លោកបន្តថា ជនរងគ្រោះដ៏អភ័ព្វនេះមានឈ្មោះ ស៊ីប ភ័ក្តិ អាយុ៣៧ឆ្នាំ បានជួបគ្រោះថ្នាក់ជាន់មីន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ត្រង់ចំណុចអានសេះ ស្ថិតនៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោយជួបគ្រោះថ្នាក់ ជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិ និងប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ។
ក្នុងស្មារតីយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក៏ដូចជាស្មារតីទទួលខុសត្រូវរបស់លោកប្រធានមន្ទីរពេទ្យខេត្ត និងលោកប្រធានមន្ទីរ សុខាភិបាលខេត្ត ជនរងគ្រោះអាយុថ្លៃរូបនេះ ក៏បានរួចផុតពីគ្រោះថ្នាក់ ប៉ុន្តែជើងម្ខាងរបស់គាត់ត្រូវដាច់ទាំងស្រុងនិងម្ខាងទៀត សល់តែឆ្អឹង ថែមទាំងដាច់ប្រដាប់ភេទទៀតផងដែរ ពោលគឺស្ទើរតែគ្មានជីវិតរស់ឡើយ។
ដើម្បីជាការចូលរួមរំលែកការលំបាក លោកទេសរដ្ឋមន្រ្តី សេរី កុសល បានប្រគល់នូវអំណោយ និងថវិកាមួយចំនួនជួនដល់ជនរងគ្រោះ ដោយសារមីនកំណាចនេះ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះប្រយ័ត្នខ្លួនគ្រប់ពេលធ្វើដំណើរចូលក្នុងព្រៃ ដាច់ខាតកុំដើរឆ្លងកាត់តំបន់ហាមឃាត់ដែលមានមីនឲ្យសោះ។
លោកក៏បានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យ លោកប្រធានមន្ទីរពេទ្យខេត្ត ព្រមទាំងលោកប្រធានមន្ទីរសុខាភិបាលខេត្តផងដែរ ដែលមានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺរូបនេះ និងអ្នកជំងឺដទៃទៀត ដោយមិនគិតពីការនឿយហត់និងពេលវេលាសម្រាកផ្ទាល់ខ្លួន ឡើយ។
ជាមួយគ្នានេះ ទាំងរាជរដ្ឋាភិបាល ក៏ដូចជារូបលោកទេសរដ្ឋមន្រ្តីផ្ទាល់ ក៏បានទទូចសុំឲ្យគ្រប់ដៃគូពាក់ព័ន្ធទាំងអស់សូមបន្តជួយគាំទ្រ សកម្មភាពបោសសម្អាតមីន នៅប្រទេសកម្ពុជា ឲ្យបានឆាប់រហ័សបំផុត ដើម្បីបញ្ជៀសគ្រោះថា្នក់នានាទៅលើប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ សំដៅកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ ដែលបង្កឡើងដោយសារមីន ដូចឃើញមានស្រាប់នាពេលនេះជាដើម៕