(សៀមរាប)៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី បានប្រគល់ផ្ទះមនុស្សធម៌ទី១៥ ជូនគ្រួសារឈ្មោះ ហាំង ឈាន អាយុ៣៣ឆ្នាំ ពិការជើងខាងស្ដាំ និងប្ដីឈ្មោះ សឿន វ័រ អាយុ៣៨ មានសតិមិនសូវគ្រប់ ដែលមានជីវភាពទីទ័លក្រ គ្មានដីស្រែសម្រាប់ធ្វើស្រែចំការ ប្រពន្ធពិការនៅផ្ទះមើលកូន ឯប្ដីដើររើសអេតចាយ និងស៊ីឈ្នួលគេ រស់នៅភូមិចក ឃុំសង្វើយ ស្រុកជីក្រែង។
លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រីបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារប្អូនទាំងពីរ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូន ក្រោមការយកចិត្តទុកដាក់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ហើយទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
លោកស្រី គួយ ណាលីន បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់គ្រួសារដ៏កំសត់មួយនេះថា «សូមប្អូនទាំងពីរកុំអស់សង្ឃឹមចំពោះ វាសនារបស់ខ្លួន ទោះបីមានភាពក្រីក្រក៏ពិតមែន ក៏សង្គមជាតិមិនបោះបង់ចោលប្អូនទាំងពីរឡើយ ដោយយើងមានអាជ្ញាធរមូលដ្ឋាន ជាអ្នកគ្រប់គ្រងនៅជិតខ្លួន»។
សូមបញ្ជាក់ថា ផ្ទះដែលប្រគល់ជូននេះ មានទំហំ ៤ម៉ែត្រ គុណ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១.៤០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ហើយក្រៅពីអំណោយ កាកបាទក្រហមក៏បានផ្ដល់អំណោយមួយចំនួនទៀតដូចជា៖ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ កន្ទេល១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា២០ម៉ឺនរៀល សម្រាប់លោកតា លោកយាយ និងប្រជាពលរដ្ឋដែលបាន ចូលរួមពិធីក៏ទទួលបានថវិកា មួយចំនួនសម្រាប់កំដរដៃផងដែរ៕