(កំពត)៖ មន្ត្រីមន្ទីរបរិស្ថាន និងអាជ្ញាធរខេត្តកំពត នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានព្រមានចាត់វិធានការ ច្បាប់តឹងរឹងប្រឆាំងនឹង ជនសង្ស័យឈ្មោះ ប៉ាវ ប៊ុនថា ដែលជាមេខ្យល់ដើរញុះញង់ប្រជាពលរដ្ឋ មកពីតាមខេត្តនានា ទៅកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ អភិរក្សដោយ ខុសច្បាប់ បន្ទាប់ពីជនសង្ស័យរូបនេះ ខកខានមិនបានចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត ២ដងរួចមកហើយ ពីបទកាប់រុករានដីព្រៃ ក្នុងឧទ្យានជាតិព្រះមុនីវង្ស (ភ្នំបូកគោ) ហើយពេលនេះ នៅតែគឃ្លើនបំពានច្បាប់បន្តដើរ ញុះញង់ពលរដ្ឋ ឲ្យចូលកាប់រានដីព្រៃ ធ្វើជាកម្មសិទ្ធិ។
អាជ្ញាធរ សូមធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលចូលទៅរុករានទន្ទ្រានដីព្រៃអភិរក្ស ដោយខុសច្បាប់នេះ ត្រូវបញ្ឈប់ជាបន្ទាន់។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត បានថ្លែងថា មានប្រជាជន ចំនួន២៥នាក់ មកពីបណ្តាលខេត្ត មួយចំនួនដូចជាកំពង់ស្ពឺ រាជធានីភ្នំពេញ កំពង់ចាម ព្រៃវែង និងខេត្តកំពត មកតាមរយៈសមាគមអភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជា ដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានបានលួចចូលទៅប្រមូលផ្តុំគ្នា នៅចំណុចអូរដារ ស្ថិតនៅក្នុងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដើម្បីកាប់ឆ្ការរុករានដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្ស ហើយទីតាំងនេះ ធ្លាប់ត្រូវបានបង្ក្រាប និងបំផ្លាញចោលកន្លងទៅ ព្រោះជាការរុក រានកាន់កាប់ដីព្រៃអភិរក្សដោយខុសច្បាប់។
ប្រធានមន្ទីរបរិស្ថានរូបនេះ បញ្ជាក់ថា ទោះបីជាមានការទប់ស្កាត់ ពីកម្លាំងឧទ្យានុរក្សប្រចាំការ នៅតំបន់នោះក៏ដោយ ក្រុមជនល្មើសបានលួចចូលទៅកាន់ទីតាំងនោះទាល់តែបាន ហើយករណីពលរដ្ឋមកទន្ទ្រានចាប់យកដីនៅទីតាំងនេះ ជាលើកទី២ ហើយដែលធ្វើឡើងតាមរយៈលិខិតរបស់រដ្ឋសភា ដែលត្រូវបាន ខ្លែង ឆបោក ដោយក្រុមសមាគម។
គួរបញ្ជាក់ថា បន្ទាប់ពីការចេញលិខិតរបស់រដ្ឋសភា រៀបចំដោយ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ឋសភា ស្នើសុំឲ្យអភិបាលខេត្តកំពត ពិនិត្យ និងជួយដោះស្រាយដី ៣,០០០ហិចតា តាមរយៈ សម្តេចប្រធានរដ្ឋសភា ជូនសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ធជន ដែលមានឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានសមាគមន៍ គឺក្រុមរបស់សមាគមន៍នេះ បានយកលិខិតទៅបំផុសបំផុលចលនាប្រជាជន នៅតាមបណ្តាលខេត្តមួយចំនួនដូចជា ខេត្តក្រចេះ ព្រៃវែង ស្វាយរៀង កណ្តាល កំពង់ធំ កំពង់ចាម កំពង់ស្ពឺ និងខេត្តកំពត មកយកដីនៅតំបន់អូរដា អូររាន ច័ន្ទក្រហម មេរនាស និងត្រពាំងភ្លង នៅក្នុងដែនឧទ្យានជាតិព្រះមុនីវង្ស បូកគោ ភូមិសាស្រ្តខេត្តកំពត។
បើតាមការបញ្ជាក់របស់ ប្រធានមន្ទីរបរិស្ថានខេត្តកំពត កន្លងមកនៅក្នុងការទប់ស្កាត់សកម្មភាពទន្ទ្រានដី នៅតំបន់អូរដា និងអូររាន នៅចំនុចខ្នងភ្នំ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ភូមិសាស្រ្តភូមិតេជោរអន្លង់ក្មេងលេង ឃុំតេជោរអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត មានទ្រង់ទ្រាយធំ ដែលក្រុមសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ឋជនកម្ពុជា បានបំផុលបំផុលប្រជាពលរដ្ឋតាមបណ្តាលខេត្តនានា ជិត២០០នាក់ មានបំណងមកទន្រ្ទានកាន់កាប់ និងកាប់បំផ្លាញដីព្រៃតំបន់ការពារធម្មជាតិ ទំហំ៣,០០០ហិចតា ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត ធ្វើការទប់ស្កាត់ និងបញ្ឈប់សកម្មភាពទន្ទ្រានដីក្នុងតំបន់ឧទ្យានជាតិ ដោយសន្តិវិធី គឺប្រជាពលរដ្ឋទាំងនោះ ព្រមរុះរើចាក់ចេញពីទីតាំងទន្ទ្រានដីព្រៃ ត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញដោយស្ម័គ្រចិត្ត។
ជាមួយនេះដែរ មន្ទីរបរិស្ថានខេត្ត បានបំពេញសំណុំរឿងប្តឹងឈ្មោះ ប៉ាវ ប៊ុនថា ជាប្រធានសមាគមន៍អភិវឌ្ឍន៍អតីតយុទ្ធជនកម្ពុជា ដែលជាមេខ្លោង ក្នុងការញ៉ុះញ៉ុងសកម្មភាពកាប់ទន្ទ្រានដី ទៅអយ្យការអមសាលាដំបូងខេត្តកំពត ដើម្បីចាក់ការតាមផ្លូវច្បាប់ តាមការណែនាំរបស់អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត។
ប៉ុន្តែនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ក្រុមប្រជាពលរដ្ឋដដែល ដែលក្រោមការញុះញង់របស់ឈ្មោះ ប៉ាវ ប៊ុនថា បានចូលមករុករាន ទន្ទ្រានកាន់កាប់ដីទីតាំងនោះ ដោយបានបោះតង់ និងកសប់ឆ្ការព្រៃ។ បើតាមលោក ស៊ុយ ធា នៅថ្ងៃទី៥ ខែឧសភាស្អែកនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត មន្ទីរបរិស្ថាន នឹងចុះទៅដោះស្រាយ បញ្ហាដោយផ្ទាល់ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងនោះ ឈប់ចាញ់បោកអ្នកបំផុសបំផុល និងកាប់ទន្ទ្រានដីព្រៃខុសច្បាប់បន្តទៀត។
លោកបន្ថែមថា ក្នុងករណីប្រជាពលរដ្ឋពុំមានដីធ្លីពិតប្រាកដ នោះអាជ្ញាធរ នឹងពិនិត្យសម្រេចដោយមាន គណៈកម្មាធិការ វាយតម្លៃសម្រេច ប៉ុន្តែមិនមែនមករុករានកាប់ទន្ទ្រានដីព្រៃអភិរក្ស តាមអំពើចិត្តនោះឡើយ៕