(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយចាត់ទុកសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កំពុងជ្រៀតជ្រែក និងរំលោភកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពាក់ព័ន្ធការឃុំខ្លួនមន្រ្តីសិទ្ធិមនុស្ស។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងក្រោយពេលសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា អំពាវនាវឲ្យមានការដោះលែងមន្រ្តីការពារសិទ្ធិមនុស្សអាដហុក ៤រូប រួមមាន៖ លោកស្រី លឹម មុនី លោក ណៃ វ៉ងដា លោក នី សុខា និងលោក យី សុខសាន រួមទាំងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតមន្រ្តីអង្គការអាដហុកផងដែរនោះ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ សហភាពអឺរ៉ុប បានហៅការបន្តឃុំខ្លួនមន្រ្តីសិទ្ធិមនុស្សនេះថា ជាការធ្វើឡើងតាមអំពើចិត្ត។
ក្រសួងការបរទេស បានសម្តែងប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបថា កំពុងជ្រៀងជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ខណៈសំណុំរឿងនេះគឺជាការអនុវត្តន៍នីតិវិធីរបស់តុលាការកម្ពុជាសុទ្ធសាធ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា «សេចក្តីថ្លែងការណ៍ខាងលើនេះ ជាការរំលោភបំបានយ៉ាងច្បាស់លើអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីទំនាក់ទំនងការទូត មាត្រា៤១ (១) ដែលចែងថា រាល់បេសកកម្មទាំងអស់មានកាតព្វកិច្ចគោរពច្បាប់ និងបទបញ្ជានានារបស់រដ្ឋដែលខ្លួនតាំងនៅ ហើយពួកគេមានកាតព្វកិច្ចមិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនោះឡើយ»។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបន្តថា ការសម្រេចរបស់តុលាការលើសំណុំរឿងមន្រ្តីអង្គការអាដហុក គឺស្របទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា មាត្រា ២០៥ និង ២០៨។ តាមច្បាប់ចៅក្រមស៉ើបអង្កេតអាចសម្រេចពន្យារការឃុំឃាំងមុនសវនាការពីរដងក្នុងរយៈពេល៦ខែ ក្នុង១ដង។
ក្រសួងការបរទេសកម្ពុជា បានស្នើប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា គោរពឲ្យបានហ្មត់ចត់ចំពោះកាតព្វកិច្ចរបស់ខ្លួន ដូចដែលមានចែងនៅក្នុងអនុសញ្ញាទីក្រុងវីយ៉ែន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ តុលាការបានសម្រេចពន្យារសវនាការជំនុំជម្រះក្តីរយៈពេល ៦ខែបន្តទៀតទៅលើសំណុំរឿងមន្រ្តីអង្គការសិទ្ធមនុស្សអាដហុកទាំង ៤រូប រួមនិងលោក នី ចរិយា។
មន្រ្តីសិទ្ធិមនុស្សទាំង ៤រូប និងលោក នី ចរិយា ត្រូវបានតុលាការឃុំខ្លួនអស់រយៈពេល ១ឆ្នាំហើយ គិតចាប់តាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ពីបទសូកប៉ាន់សាក្សី មិនឲ្យឆ្លើយការពិតពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទរវាងលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងកញ្ញា ឃុម ច័ន្ទតារាទី ហៅស្រី មុំ៕