(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ស្អែកនេះ តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រម ចំពោះសំណុំរឿងបាញ់សម្លាប់ ឧកញ៉ាអ៊ឹង ម៉េងជឺ កាលពីឆ្នាំ២០១៤។ នេះបើតាមការអះអាងរបស់មន្រ្តីតុលាការ។
សាលក្រមនេះ នឹងត្រូវប្រកាសក្នុងសាលសវនាការទី១ ជាន់ទី១ នៃអគារសាលាដំបូងរាជធានីភ្នំពេញ ខណៈសវនាការជាច្រើនលើក លោក ថោង សារ៉ាត់ ដែលតុលាការចោទថា ជាមេខ្លោងក្នុងការបាញ់សម្លាប់នេះ ពុំដែលមានវត្តមានក្នុងសវនាការឡើយ ដោយលោកមេធាវី គា អ៊ាវ អះអាងថា លោកថោង សារ៉ាត់ មានជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
លោក ថោង សារ៉ាត់ ត្រូវបានតុលាការចោទប្រកាន់ពីបទផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមមាត្រា២៨និងមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ រីឯក្រុមអង្គរក្ស ត្រូវបានចោទប្រកាន់ពីបទសមគំនិត និងបទឃាតកម្មគិតទុកជាមុន។
សូមបញ្ជាក់ថា ឧកញ៉ាអ៊ឹង ម៉េងជឺ ថោកែក្រុមហ៊ុនស៊ីម៉ងតិ៍ត្បូងពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបានឃាតកបាញ់សម្លាប់ នៅក្នុងសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤៕