(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា «គ្មានទេបដិវត្តន៍ពណ៌ នៅលើទឹកដីប្រទេសកម្ពុជា ហើយបានអំពាវនាវឲ្យពលរដ្ឋ នៅទូទាំងប្រទេស កុំចាញ់បោកជនអគតិមួយចំនួននាំឲ្យបំផ្លាញសង្គមជាតិ»។
ថ្លែងយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជន និងគ្រួសារបក្សជាង៣,០០០នាក់ ក្នុងឃុំព្រះនិពាន្វ ស្រុកគងពិសី នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានកោតសរសើរ ប្រធានគណបក្សស្រុក អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ក៏ដូចជា កងកម្លាំងប្រដាប់ និងប្រជាការពារទាំងអស់ ហើយលោកក៏បាន នាំនូវការផ្តាំផ្ញើការសាកសួសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះពុកម៉ែបងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងគ្រួសារបក្សផងដែរ។
នាយឧត្តមសេនីយ៍ ក៏បានរំលឹកឡើងវិញពី ប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុតដែលប្រជាពលរដ្ឋកម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាក់ស្តែងវត្តអារាម និងសាលារៀនទូទាំងស្រុកគងពិសីនេះតែម្តង ជាទីកន្លែងដែលលោក បានសិក្សារៀនសូត្រនៅទីនេះស្រាប់គឺ ត្រូវបានបំផ្លាញខ្ទេចខ្ទី គ្មានសល់ទេ ក្នុងកាលៈទេសៈដ៏សែនលំបាកវេទនា ដោយពុំដែលឃើញមានគណបក្សនយោបាយ ឬជនមួយចំនួន ដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបី ដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់។
លោក ហ៊ីង ប៊ុនហៀង បានសង្កត់ធ្ងន់ថា «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំបានខិតខំ ពុះពារ គ្រប់ឧបសគ្គ ការលំបាកនានា រក្សាបាននូវសុខសន្តិភាពស្ថេរភាព រហូតអភិវឌ្ឍប្រទេសជាតិឈានឆ្ពោះទៅរក ការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ ហើយបើគ្មានគោលនយោបាយឈ្នះឈ្នះទេ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះក៏នៅមិនទាន់ចប់ផង សូមពុក ម៉ែ បងប្អូនក្មួយៗ ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ក្នុងន័យ បំផ្លាញសុខសន្តិភាពដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច តែងតែលើកតម្កើងថ្ងៃ២៣ តុលា ដោយចោទរាជរដ្ឋាភិបាលកម្ពុជាថា បានរំលោភកិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស ២៣តុលា ១៩៩១។ ក្នុងចំណុចនេះ សូមបញ្ជាក់ជូន ពុក ម៉ែ បង ប្អូន ឲ្យបានច្បាស់ថា បើគ្មានថ្ងៃ៧ មករាទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ក៏គ្មាន សិទ្ធិមនុស្ស គ្មានសិទ្ធិរស់រានមានជីវិត សិទ្ធិផ្សេងៗទៀត ហើយក៏គ្មានសុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះនោះដែរ»។
នាយឧត្តមសេនីយ៍រូបនេះ បញ្ជាក់ម្តងហើយម្តងទៀតថា គ្មានទេបដិវត្តន៍ពណ៌ នៅក្នុងទឹកដីនៃប្រទេសកម្ពុជា ហើយលោកបានផ្តាំឲ្យកូនៗ ក្មួយៗ យុវជន ត្រូវចូលរួមជួយសង្គម តាមរយៈសកម្មភាពមនុស្សធម៌ផ្សេងៗ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន សំខាន់បំផុតមួយទៀត គឺត្រូវមានការចូលរួមសហការពីក្រុមគ្រួសារ ចំពោះបញ្ហាអ្នកញៀនថ្នាំផងដែរ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បាននាំយករបស់សម្តេចតេជោ ជូនសមាជិក និងក្រុមគ្រួសារបក្សក្នុងម្នាក់ៗ ២ម៉ឺនរៀល និងឧបត្ថម្ភសាលាស្រុកគងពិសី ១លានរៀល, នគរបាល ៦០ម៉ឺនរៀល, កងរាជអាវុធហត្ថ ៤០ម៉ឺនរៀល, ប្រជាការពារ ៤០ម៉ឺនរៀល និងសឹងរង ៤០ម៉ឺនរៀល៕