(ភ្នំពេញ)៖ ក្នុងទិវាសារព័ត៌មានពិភពលោក ឆ្នាំ២០១៧ ម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន​ លោក ខៀវ កាញារីទ្ធ និងអ្នកសារព័ត៌មានជើងចាស់ជាច្រើន បានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា សព្វថ្ងៃនេះ មានលក្ខណៈពេញលេញ មិនចាញ់ប្រទេសប្រជាធិបតេយ្យដទៃឡើយ។ ទោះជាយ៉ាងណានេះក្តី នៅថ្ងៃនោះ ក៏នៅមាន មតិមួយចំនួនទៀត ពុំទាន់យល់ស្របទាំងស្រុងនៅឡើយទេ។

ជាមួយនេះផងដែរ ក្នុងនាមជាប្រធានសហភាពសហព័ន្ធសារព័ត៌មាន នៅកម្ពុជា លោក ហ៊ុយ វណ្ណៈ បានជឿជាក់ថា អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា ពិតជាអាចរួបរួមគ្នាក្នុងស្មារតីអាជីពតែមួយ ខ្មែរតែមួយបាន។ ខាងក្រោមនេះជាទស្សនៈផ្ទាល់ខ្លួនរបស់ លោក ហ៊ុយ វណ្ណៈ«ខ្ញុំខកចិត្តដែលអ្នកសារព័ត៌មានយើងនៅបែងចែកគ្នា មិនទាន់អាចរួបរួមគ្នានៅឡើយ។ ខ្លះនៅក្នុងអង្គភាពមួយចំនួនតូចប្រកាន់ចរិតប្រៀប ដូចសកម្មជនកាន់និន្នាការ គណបក្សនយោបាយទៅហើយ។ យើងត្រូវទទួលស្គាល់ការពិតនៅក្នុងចំណុចតូច១នេះ ហើយយើងរួមគ្នារកដំណោះស្រាយ។
 
១- ទោះបីអង្គុយក្នុងការិយាល័យរៀងៗខ្លួន ក៏ប៉ុន្តែអ្វីដែលយើងអាចធ្វើជាមួយគ្នា គួរតែចាប់ផ្តើមរួមគ្នាធ្វើ ដូចជា៖ ជួយទុក្ខធុរៈគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ចំណេះដឹងគ្នា និងការជួបជុំសប្បាយរីករាយជាដើម។

២- ខ្ញុំមិនបន្ទោសអ្នកណាទេ! បងប្អូនខ្លះមិនហ៊ានចេញមុខចូលរួមជាមួយគេទេ ដោយសារ  «ខ្លាចចៅហ្វាយមិនសប្បាយចិត្ត ដេញចេញអត់ការងារធ្វើ»។ ឱលោកចៅហ្វាយ! ចៅហ្វាយនៅបក្សណា!? តើចៅហ្វាយជនជាតិអី!? គេមិនគ្រប់គ្រងកាសែត រហូតបិទសិទ្ធិសេរីភាពការជួបជុំគ្នា ឬភ័យមិនហ៊ានជួប សូម្បីតែទៅជួបកាសែតដូចគ្នានោះទេ។

៣- ច្បាប់ស្តីពីរបបសារព័ត៌មានបានចែងថា៖ «ឯករាជ្យភាពនៃសារព័ត៌មាន» គឺនៅត្រង់ «ខ្លឹមសារសំណេររបស់គេ រួចផុតពីការត្រួតពិនិត្យមុនពេលចេញផ្សាយ»។ នេះហើយហៅថា «ឯករាជ្យ»។ ដូច្នេះ សារព័ត៌មានដែលឯករាជ្យ គឺមិនមែនរហូតដល់ថ្នាក់បិទសិទ្ធិសេរីភាពខ្លួនឯង គូសព្រំព័ទ្ធរបងមិនហ៊ានជួបគេនោះទេ។ បើកសេរីភាពខ្លួនយើងឡើង ដោយចាប់ផ្តើមពីយើង។

៤- កុំបន្តបណ្តុះគំនិតរើសអើងគ្នា ហើយយើងខ្លួនយើងត្រូវខិតខំលុបបំបាត់គំនិតរើសអើងនេះចេញពីសម្បជញ្ញៈយើង ពីព្រោះយើងជាខ្មែរតែ១។ ការជួបជុំគ្នា គឺជាឱកាសកសាងប្រភពដំណឹងបានច្រើនណាស់ និងក៏ជាឱកាសកសាងទំនាក់ទំនងសម្រាប់អនាគតយើងដែរ។ តម្លៃរបស់ព័ត៌មានគឺនៅនឹងប្រភពនេះហើយ។ អ្វីៗគឺអាចចាប់ផ្តើមពីយើងក្នុងស្មារតីខ្មែរតែ១!

៥- ក្នុងកម្មវិធីទិវាសេរីភាពសារព័ត៌មានថ្ងៃទី៣ ឧសភា ឆ្នាំ២០១៧ ដោយមានការគាំទ្រពី ឯកឧត្តម ខៀវ កាញារីទ្ធ និងយោបល់មិត្តភក្តិជាអ្នកសារព័ត៌មាន ខ្ញុំសម្រេចរកវិធីជួយដល់លោក សាំង សុឥន្ទរិទ្ធ អ្នកកាសែត The Cambodia Daily ដើម្បីមានលទ្ធភាពព្យាបាលជំងឺ អាចរស់បន្តទៀតមើលថែកូនប្រុសស្រីនិងគ្រួសារដោយមិនបាច់លក់ផ្ទះសម្បែង។ នេះជាវាសនាដ៏សង្វេកមួយ។ នេះក៏មិនមានជាលើកទី១ទេ ដែលខ្ញុំជួយបងប្អូននៅក្នុងកាសែត The Cambodia Daily។ អ្នកនៅទីនោះអាចដឹងបាន។ ប៉ុន្តែករណីលោក សាំង សុឥន្ទរិទ្ធ ជារឿងសង្វេកបំផុតក្នុងចិត្តខ្ញុំ ដែលគាត់ត្រូវប្តូរឈាមជាង១០០លើកទៅហើយដើម្បីប្រឹងរស់មកដល់សព្វថ្ងៃ។

៦- ខ្ញុំចាប់ផ្តើមសរសេរអត្ថបទដំបូងសម្រាប់កាសែត គឺនៅឆ្នាំ១៩៩៩ ដែលរាប់មកដល់ពេលនេះ គឺ១៨ឆ្នាំគត់នៃជីវិតអ្នកសរសេរ។ អត្ថបទដំបូងបំផុតផ្សាយនៅទស្សនាវដ្តីស្វែងរកការពិត បន្ទាប់មក កាសែត The Cambodia Daily, The Phnom Penh Post, កាសែតបារាំង Cambodge Soir, RFA, រស្មីកម្ពុជា, កម្ពុជាថ្មី និងកាសែតកោះសន្តិភាព...។ ខ្ញុំមិនមែនជាអ្នកកាសែតឲ្យស្ថាប័ននោះទេ តែនេះជារបៀបធ្វើការរបស់ខ្ញុំ ដែលគ្មានអ្នកណាគ្រប់គ្រងសម្បជញ្ញៈខ្ញុំទេ។ នៅឆ្នាំ២០០៩ ក្នុងតួនាទីជានាយកនៅ CTN នៅពេលជនបរទេសមិនហ៊ានសម្រេច តែខ្ញុំបានសម្រេចឯកភាពឲ្យ VOA ផ្សាយនៅលើទូរទស្សន៍ CTN តាំងពីពេលនោះមក និងក្រោយមកបន្ថែមការផ្សាយលើ CNC បន្ថែមទៀតរហូតសព្វថ្ងៃ។

៧- ភាសាអង់គ្លេសសរសេរថា៖ Freedom is not free គឺសេរីភាព មិនអាចកើតឡើងទេ បើយើងមិនស្វែងរកវា។ បងប្អូនសារព័ត៌មាន! វិជ្ជាជីវៈ គឺតែមួយ។ យើងត្រូវហ៊ានដុតបំផ្លាញចោលមនោគមន៍វិជ្ជាដែលបំបែកបំបាក់ខ្មែរ។ រឿងនេះ ខ្លោចផ្សាណាស់។យើងត្រូវបើកឱកាស ទុកចន្លោះសេរីភាពរបស់យើង ហើយហ៊ានបង្កើនការប្រាស្រ័យទាក់ទងគ្នាក្នុងស្មារតី «អាជីពតែ១-ខ្មែរតែ១»៕

ដោយ៖ ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា