(ស្វាយរៀង)៖ ក្រុមការងារសាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះទៅធ្វើការអង្កេតទីផ្សារក្រោលគោ និងស្វាយជ្រុំ ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារទាំងពីរខាងលើ។

ក្នុងនោះក្រុមការងារ ក៏បានធ្វើតេស្តបឋមលើផលិតផលមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់មិនឲ្យប្រើប្រាស់ក្នុងម្ហូបអារហារ។
ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមីត្រូវបានរកឃើញឡើយ តែក្នុងនោះ ក្រុមការងារក៏បានដកហូតទៅតាមនីតិវិធី នូវផលិតផលមួយចំនួន ដែលមានសភាពមិនប្រក្រតី និងខូចគុណភាពរួមមាន៖
-ចាហួយកូនក្មេង​ ចំនួន​១០​កញ្ចប់
-ទឹកស៊ីអ៊ីវ​ចំនួន​១០ដប
-​ត្រីខកំប៉ុង ចំនួន៥កំប៉ុង
-ស្ពៃកំប៉ុងចំនួន៥កំប៉ុង សរុបប្រមាណ៣០គីឡូក្រាម សម្រាប់ធ្វើការកំទេចចោល៕