(ពោធិ៍សាត់)៖ បុរសវ័យ៥៧ឆ្នាំម្នាក់ ត្រូវបានរន្ទះបាញ់ស្លាប់ យ៉ាងអណោចអធ័ម ពេលកំពុងដើរព្រួសស្រូវកណ្តាលវាលស្រែ ខណៈមេឃកំពុងរលឹម ដែលហេតុការណ៍ ដែលគួរឲ្យអាសូរខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖១០នាទីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចវាលស្រែ នៅក្នុងភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ត្រី ហ៊ួន ហាំង មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ព្រុំ ស៊ីម ភេទប្រុស អាយុ ៥៧ឆ្នាំ ជាប្រជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។ មុនពេលកើតហេតុ មានខ្យល់កន្រ្តាក់ លាយឡំជាមួយភ្លៀងរលឹមស្រិចៗ ជនរងគ្រោះបានយកស្រូវដែលបានត្រាំរួច ទៅព្រោះនៅក្នុងស្រែនៅចំណុចកើតហេតុខាងលើ មួយសន្ទុះក្រោយមកក៏មានរន្ទះបាញ់ចំគាត់តេម្តង បណ្តាលឲ្យជាំ និងហូរឈាមតាមត្រចៀក រហែកសំលៀកបំពាក់ស្លាប់តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសលវិច័យ និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់មែន រួចប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕