(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ ជាលើកទី ២ ជូនដល់អង្គការបណ្តុះបណ្តាលកុមារកំព្រា យុវជនពិការ និងស្ត្រីក្រីក្រ ដែល អង្គការនេះមានកុមារកំព្រារស់នៅ ៦៩នាក់ និងបុគ្គលិក-គ្រូ ១២នាក់ មានទីតាំងស្ថិតនៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ក្នុងឱកាសសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌នោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការស្រឡាញ់រាប់អានចំពោះ ក្មួយៗកុមារទាំងអស់ ដែលកំពុងរស់នៅក្នុងអង្គការនេះ។ ទន្ទឹមនឹងនោះ លោកស្រី ម៉ែន នារីសោភ័គ បានផ្តាំផ្ញើដល់ក្មួយៗកុមារទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ទម្លាប់ហូបស្អាត និងផឹកទឹកដាំឆ្អិន ហើយត្រូវចេះស្រឡាញ់សាមគ្គីគ្នា ជួយគ្នាទៅវិញ-ទៅមកប្រៀបដូចបងប្អូនបង្កើត ជាពិសេស ត្រូវជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ ឬការប្រើប្រាស់គ្រឿងញៀន ហើយត្រូវខិតខំសិក្សារៀនសូត្រដើម្បីអនាគតល្អរបស់ខ្លួន។
ឆ្លើយតបទៅនឹងអំណោយដ៏ថ្លៃថ្លាទាំងនេះ បុគ្គលិក និងកុមារទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេច ជាមាតាមនុស្សធម៌ តែងមានចិត្តសប្បុរស និងក្តីអាណិតអាសូរ ចំពោះពួកគាត់ជានិច្ច។ ជាមួយគ្នានោះ ពួកគាត់សូមជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ សូមមានសុខភាពល្អ អាយុយ៉ឺនយូរដើម្បីធ្វើជាម្លប់ដ៏កក់ក្តៅរបស់ក្មួយៗកុមារ និងជនងាយរងគ្រោះដទៃទៀតឲ្យបានយូរអង្វែងតទៅ។
អំណោយដែលបានផ្តល់ជូនអង្គការរួមមាន ៖ អង្ករ ២តោន មី ៣០កេស ត្រីខ ៦កេសធំ ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ៦កេស ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប អាហារវីតាមីន ៤កេស (ស្មើនឹង ១៤៤កញ្ចប់) សៀវភៅសរសេរ ២កេសធំ និងថវិកា ៥លានរៀល។ ដោយឡែកសម្រាប់កុមារទាំង ៦៩នាក់ ក្នុងម្នាក់ៗទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ នំប៉័ងដាក់សាច់ ១កំណាត់ និងថវិកា ៥ម៉ឺនរៀល។ រីឯ បុគ្គលិក-គ្រូ ១២នាក់ ម្នាក់ៗទទួល បាន៖ មុង១ ភួយ១ សារុង១ ក្រមា១ នំប៉័ងដាក់សាច់ ១កំណាត់ និងថវិកា ១០ម៉ឺនរៀល៕