(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រារព្ធទិវាវិទ្យាសាស្រ្តលើកទី៧ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ ដើម្បីផ្ដល់ឱកាសឲ្យនិស្សិតកម្ពុជា បានយល់ដឹងពីអាទិ៍កំបាំង ពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្រ្ត ទាំងក្នុងតំបន់ និងលើពិភពលោក។
លោករដ្ឋលេខាធិការ យក់ ង៉ុយ បានបញ្ជាក់ថា ទិវាវិទ្យាសាស្រ្តនេះ គឺជាវិស័យអាទិភាពមួយរបស់ក្រសួងអប់រំ ពីព្រោះបានដើរតួនាទីសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ប្រទេសជឿនលឿនទាំងអស់ក្នុងពិភពលោក បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិទ្យាសាស្រ្ត ការស្រាវជ្រាវ និងនវានុវត្តភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអប់រំត្រូវតែលើកតម្កើង និងជំរុញឲ្យបានលឿនទៅមុខវិស័យខាងលើ ដើមី្បឲ្យកម្ពុជាមានភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសមួយចំនួន ក្នុងតំបន់ និងក្នុងពិភពលោក នាពេលអនាគត។
លោក អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរំឭកថា ទិវាវិទ្យាសាស្រ្តលើកទី១ របស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ ទី២៦ ខែមីនា ឆ្នាំ២០១០។ កាលនោះមានការចូលរួមពីអ្នកវិទ្យាសាស្រ្ត ផ្នែកអាវកាសល្បីៗជាច្រើននាក់របស់បារំាង រួមទាំងអាកាសយានិកដែលបានបើកជាលើកដំបូង យន្តហោះដ៏ធំ Airbus A380។
លោកនាយកបានបន្ថែមថា នេះគឺជាកាលានុវត្តភាពមួយ សម្រាប់ឲ្យយុវជនខ្មែរបានយល់ពីការរីកចម្រើនរបស់បច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តភាព។ ត្រូវខិតខំស្វែងយល់ព្រោះវិទ្យាសាស្រ្តពីមួយម៉ោងទៅមួយម៉ោង ពីមួយថ្ងៃទៅមួយថ្ងៃ មានការរីកចម្រើនឥតឈប់ឈរ។ ដូច្នេះហើយ ដើមី្បឆ្លើយតបគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រោមការចង្អុលបង្ហាញតម្រង់ទិសរបស់ក្រសួងអប់រំ ដែលជាសិស្សចំនួន ១,២០០នាក់ មកពីវិទ្យាល័យចំនួន២៤ ក្នុងរាជធានីភ្នំពេញ និងនិសិ្សតជាង៣,០០០នាក់ អាចទស្សនាពិព័រណ៍ផ្សេងៗ ក្នុងបរិវេណវិទ្យាស្ថាន។
កម្មវិធីនេះក៏មានការចូលរួមពី ស្ថានទូតបារាំងប្រចាំនៅកម្ពុជា, អង្គការ AUF, អង្គការ JICA របស់ជប៉ុន, DENSO Cambodia, Cambodia Brewery Limited, Chip Mong Group, TEM Trading, ISI Steel Co., LTD, WASO, Water, Society and Climate Change។
លោកនាយកបានថ្លែងអំណរគុណ ដល់ដៃគូទាំងអស់របស់វិទ្យាស្ថាន ជាពិសេសស្ថានទូតបារាំង ស្ថានទូតជប៉ុន អង្គការ AUF និងអង្គការ JICA ដែលតែងតែនៅជាមួយវិទ្យាស្ថានជានិច្ច ដើមី្បការរីកចម្រើន៕