(កំពត)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល និងប្រកាសសម្រួលភារកិច្ច និងទទួលស្គាល់សមាសភាពថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណៈចលនាសាសនិកឥស្លាម គណបក្សប្រជាជនកម្ពុជាខេត្តកំពត និងខេត្តកែប នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតឲ្យបានទាំងអស់គ្នា ពិសេសត្រូវសម្រេចចិត្តឲ្យបានច្បាស់ មុនបោះឆ្នោតជូនបក្សគណបក្សណាមួយនោះ។
សមាសភាពនេះមានចំនួនសរុប ២៩រូប មានភារកិច្ចធ្វើជាសេនាធិការគណៈអចិន្ត្រៃយ៍ នៃគណៈចលនាសាសនិកឥស្លាមខេត្ត ដើម្បីចលនាសាសនិកឥស្លាមទូទាំងខេត្ត សំដៅពង្រឹងការគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានឲ្យដឹងថា សមាសភាពគណៈចលនាទាំងអស់ ត្រូវពង្រឹងសាមគ្គីក្នុងសហគមន៍ ឲ្យកាន់តែប្រសើរឡើងថែមទៀត ព្រោះការសាមគ្គីភាព គឺជាកម្លាំងចលករនាំទៅរកសេចក្តីសុខក្សេមក្សាន្ត ភាពជោគជ័យ សម្រាប់សហគមន៍ សម្រាប់ប្រទេសជាតិ។ ការសាមគ្គីជាធ្លុងមួយ បានធ្វើឲ្យមានអ្វីៗគ្រប់បែបយ៉ាងសម្រាប់សហគមន៍ ហើយប្រទេសជាតិទាំងមូល ត្រូវបានកសាងឲ្យមានការអភិវឌ្ឍយ៉ាងលឿនមិននឹកស្មានដល់។
លោកប្រធានគណៈចលនា បានផ្តាំផ្ញើដល់សមាសភាពគណៈចលនាទាំងឡាយ ឲ្យពង្រឹងការប្រមូលផ្តុំកម្លាំងមហាជន យុវជន និងពលរដ្ឋគ្រប់ស្រទាប់ ឲ្យទៅបំពេញតួនាទីជាពលរដ្ឋមួយរូប គឺជាការអញ្ជើញបំពេញកាតព្វកិច្ច ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យបានគ្រប់ៗគ្នា ដែលនៅសល់រយៈពេល ៣១ថ្ងៃទៀតប៉ុណ្ណោះ ពោលនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះហើយ។ សូមកុំឲ្យមានការអាក់ខានដោយកត្តាផ្សេងៗ ជាពិសេសសម្រាប់អ្នកដែលទៅបំពេញការងារនៅក្រៅប្រទេសក្តី ឬតាមខេត្តផ្សេងៗក្តី។
លោកបន្តថា ការបោះឆ្នោតមានសារៈសំខាន់ណាស់ ការជ្រើសរើសមេដឹកនាំដ៏ត្រឹមត្រូវ គឺវាជាការសម្រេចជោគវាសនារបស់កម្ពុជាដ៏ត្រឹមត្រូវ តែការដែលមិនទៅបោះឆ្នោតសោះ ឬការសម្រេចជ្រើសរើសគណបក្សនយោបាយខុស ដែលអសមត្ថភាព គឺពលរដ្ឋខ្លួនឯងជាអ្នកដែលធ្វើឲ្យជោគវាសនាផ្ទាល់ខ្លួន ក្រុមគ្រួសារ និងពលរដ្ឋទាំងមូលទទួលបរាជ័យ។
ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ ក៏បានពាំនាំនូវថវិកាចែកជូនដល់សមាជិក-សមាជិកាគណៈចលនា និងអង្គពិធីចូលរួមមាន ៦០០នាក់ ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល។
គួរបញ្ជាក់ថា មន្ទីរគណបក្សខេត្តកំពត បានឧបត្ថម្ភដល់កម្មវិធី នូវថវិកាចំនួន៣លានរៀលផងដែរ៕