(ភ្នំពេញ)៖ ករណីប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់ បានស្លាប់យ៉ាងអណោចអធម៌ ដោយសារតែចាក់សាំងដុតឡើងរឹងក្រញ៉ង់ ក្នុងដីឡូត៍មួយកន្លែង នៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ត្រូវបានសមត្ថកិច្ចចេញមកអះអាង ចុងក្រោយ បន្ទាប់ពីធ្វើកោសល្យវិច្ឆ័យ ទៅលើសព និងសួរនាំគ្រប់ជ្រុងជ្រោយថា ជនរងគ្រោះ បានធ្វើអត្តឃាតខ្លួនឯង ព្រោះតែមានរឿងវិបត្តិផ្ទួនៗបានកើតឡើង ក្នុងរយៈពេលចុងក្រោយនេះ។
ជនរងគ្រោះឈ្មោះ ណូន សំណាង ហៅតូ អាយុ៣៨ឆ្នាំ រស់នៅភូមិស្លែងគុល ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានប្រពន្ធឈ្មោះ ហ៊ិន ចាន់ណា អាយុជាង៣០ឆ្នាំ និងមានកូនតូចៗ៣នាក់ក្នុងបន្ទុក។ ជនរងគ្រោះ មានមុខរបរជាអ្នកបើករថយន្ដស៊ីឈ្នួល សម្ភារ និងទំនិញក្នុងរោងចក្រ។
បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញ សពជនរងគ្រោះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ផ្នែកកោសល្យវិច្ឆ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សុង លី ស្នងការរងនគរបាល ទទួលផែនព្រហ្មទណ្ឌ បានចុះទៅអន្ដរាគមន៍នៅកន្លែងកើតហេតុ ដើម្បីរកមូលហេតុពិតប្រាដកថា ជាអំពើឃាតកម្ម ឬជាអំពើអត្តឃាត។
ក្រោយប្រទះឃើញសពជនរងគ្រោះ ដែលត្រូវបានដុតឡើងរួចក្រញ៉ង់ ប្រជាពលរដ្ឋស្ទើរតែ១០០ភាគរយ បានចាត់ទុកថា ជនរងគ្រោះត្រូវ បានជនដៃដល់យកមកដុតសម្លាប់ចោល ក្នុងដីឡូត៍ខាងលើនេះ ប៉ុន្ដែក្រោយបញ្ចប់ការធ្វើកោសល្យវិច្ឆ័យរបស់សមត្ថកិច្ចរួចមក ទើបដឹងថា គឺជារឿងអត្តឃាតខ្លួនឯង។
នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានប្រាប់អង្គភាព Fresh News យ៉ាងដូច្នេះថា ករណីនេះជារឿងអត្តឃាត ដោយជនរងគ្រោះយកប្រេងម៉ាស៊ីន ដុតសម្លាប់ខ្លួនឯង មិនមែនជារឿងឃាតកម្មនោះឡើយ។ លោកអធិការ បានលើកឡើងយ៉ាងដូច្នេះ ដោយបង្ហាញពីហេតុផល ដោយយោងទៅតាមកោសល្យវិច្ឆ័យ នៅកន្លែងកើតហេតុ និងសួរនាំទៅលើសាច់ញាតិរបស់សព មានទាំងប្រពន្ធ និងបងប្អូន ដោយចុះទៅដល់ផ្ទះជនរងគ្រោះ នៅឯស្រុកកណ្ដាលស្ទឹងទៀតផង។
បើតាមលោកអធិការ ជនរងគ្រោះត្រូវបានប្រពន្ធប្រាប់ថា កាលពី៣ថ្ងៃមុន ប្ដីរបស់ខ្លួនបានទៅទិញប្រេងម៉ាស៊ីន ហើយបបួលប្រពន្ធដុតផ្ទះ និងដុតសម្លាប់កូនខ្លួនឯង តែប្រពន្ធមិនព្រម ទើបនៅព្រឹកថ្ងៃនេះ ជនរងគ្រោះបានទុកទូរស័ព្ទចោលនៅផ្ទះ ហើយយកប្រេងម៉ាស៊ីនដាក់លើឡាន បើកមកដល់កន្លែងកើតហេតុ ក៏ប្រព្រឹត្តសកម្មភាពនេះតែម្ដង។
លោក ជឹម ស៊ីថា បានបន្ថែមថា ជនរងគ្រោះមានវិបត្តិផ្ទនៗដូចជា៖ ទី១-បានខ្ចីលុយគេចំនួន៥០០ដុល្លារ ហើយត្រូវបង់ប្រចាំថ្ងៃ មួយថ្ងៃ៥ម៉ឺនរៀល ទី២-ខឹងអ្នកធ្វើការនៅរោងចក្រ បង្អាប់ឡានចាស់ បន្ទាប់ពីខ្លួនទើបទិញឡាន និងទី៣-ម្ដាយរបស់ខ្លួន កំពុងធ្លាក់ខ្លួនឈឺ ដែលធ្វើឲ្យជនរងគ្រោះ វិលវល់រហូតគិតខ្លីយ៉ាងដូច្នេះ។
បើតាមភរិយា ក៏បានប្រាប់សមត្ថកិច្ចថា កាលពីពេលកន្លងទៅ ជនរងគ្រោះធ្លាប់បានដួលម៉ូតូ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរផងដែរ។ បុរសវ័យចំណាស់ម្នាក់ ដែលត្រូវជាតារបស់ជនរងគ្រោះ បានប្រាប់អ្នកកាសែតនៅកន្លែងកើតហេតុថា ជនរងគ្រោះគឺជាមនុស្សស្លួតបូតចិត្តល្អ និងមិនដែលមានរឿង ជាមួយអ្នកណាម្នាក់នោះទេ។
បន្ទាប់ពីធ្វើកោសល្យសពចប់ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕