(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសយ៉ាងដាច់ណាត់ ណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទថា ដាច់ខាតត្រូវបានពង្រឹងការការពារសន្តិសុខឲ្យហ្មត់ចត់បំផុត និងត្រូវចាត់វិធានការតាមច្បាប់ឲ្យបានតឹងរឹង លើសកម្មភាពទាំងឡាយណា ដែលរារាំងដល់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ខាងមុខ។
ការប្រកាសដាក់អនុសាសន៍យ៉ាងមុតមាំដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលសម្ដេចឧបនាយករដ្ឋមន្រ្តី អញ្ជើញជាសហអធិបតីភាពជាមួយ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ (គ.ស.អ) ដើម្បីរៀបចំផែនការការពារដំណើរការ រៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា គ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោត អាចនឹងលេចចេញនូវបាតុភាពផ្សេងៗ ដែលរារាំងបន្ទុចបង្អាក់ដល់ដំណើរការបោះឆ្នោត ហើយដំណាក់កាលដែលតឹងរឹងបំផុតនោះ គឺដំណាក់កាលនៃការឃោសនាបោះឆ្នោតនេះតែម្ដង ដោយហេតុថា រយៈពេលនេះ គឺជាការតស៊ូមតិខាងផ្នែកនយោបាយ របស់គណបក្សនយោបាយនីមួយៗ ហើយក៏ជាដំណាក់កាលមួយ ដែលងាយនឹងកើតឡើងនូវទំនាស់ និងបទល្មើសផ្សេងៗដែរ ប្រសិនបើគណបក្សទាំងនោះ មិនគោរពច្បាប់បោះឆ្នោត និងគោលការណ៍ណែនាំរបស់ គ.ជ.ប។
សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះថា «គ្រប់ក្បាលម៉ាស៊ីនទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានសភាពការណ៍ និងការប្រែប្រួលឲ្យបានទាន់ពេល ដើម្បីសហការជាមួយ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ថ្នាក់ និងអង្គភាពចាត់តាំងផ្សេងៗ មានវិធានការអប់រំ បំភ្លឺជូនមហាជន ឲ្យបានយល់ពីហេតុការណ៍ ដែលបានកើតឡើង និងចំណាត់ការ របស់សមត្ថកិច្ច ដើម្បីឲ្យគេទាំងអស់គ្នា រក្សាភាពស្ងប់ស្ងាត់នឹងនរ ដោះស្រាយបញ្ហាដោយសន្តិវិធី និងទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា»។
ប្រមុខក្រសួងមហាផ្ទៃ បានណែនាំទៀតថា អាជ្ញាធរដែនដី និងកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការនៅនឹងកន្លែង ឲ្យបានរហ័សបំផុត ទៅលើហេតុការណ៍ និងឧបទ្ទវហេតុផ្សេងៗ ដែលកើតឡើងក្នុងមូលដ្ឋាន សំដៅទប់ស្កាត់សកម្មភាពបំពុលបរិយាកាស ឬកេងប្រវ័ញ្ចខាងផ្នែកនយោបាយ ពីមជ្ឈដ្ឋានមួយចំនួន។
ជាមួយគ្នានេះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ នៃក្រសួងមហាផ្ទៃ នឹងដាក់ពង្រាយកម្លាំងសមត្ថកិច្ច សរុប ៣៧,៥៣០នាក់ សម្រាប់ការពារការិយាល័យបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោត ក្នុងនោះមានកម្លាំងនគរបាល ៣៥,០៤៣នាក់ កងរាជអាវុធហត្ថ ៦៤៣នាក់ និងកងយោធិពលខេមភូមិន្ទ ១,៨៤៤នាក់ ផងដែរ។
សូមរំឭកថា ក្នុងដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៥ កាលពីឆ្នាំ២០១៣ កន្លងទៅ នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តសៀមរាប ក៏កើតមានសកម្មភាពរារាំងពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត រួចមកហើយដែរ ព្រមទាំងបានឡោមព័ទ្ធស្នាក់ការ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតថែមទៀត បង្កការបំពុលបរិយាកាស រាំងស្ទះដល់ការបូកសរុបលទ្ធផលឆ្នោតទៀតផង។ មិនតែប៉ុណ្ណោះ សកម្មភាពយ៉ាងអនាធិបតេយ្យទាំងនោះ ក៏បានបង្កជាអំពើហិង្សា រហូតដល់មានការដុតរថយន្តរបស់សមត្ថកិច្ចផងដែរ។ លុះដល់ក្រោយការបោះឆ្នោត ក៏មានអំពើអនាធិបតេយ្យប្រឆាំងនឹងលទ្ធផលឆ្នោត បង្កបាតុកម្ម និងចលាចល អូសបន្លាយអស់រយៈពេលជិតមួយឆ្នាំ។
ដោយឡែក សម្រាប់យុទ្ធនាការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤វិញ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៤ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ពោលគឺនៅសល់តែ ៣១ថ្ងៃទៀតប៉ុណ្ណោះ៕