(សៀមរាប)៖ ក្រៅពីការងារថែរក្សា គ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាការលើកតម្លៃ បេតិកភណ្ឌរូបី និងអរូបី ប្រកបដោយ ចីរភាព អាជ្ញាធរជាតិអប្សរា តាមរយៈក្រុមការងារ សហគមន៍តែងចុះសួរ សុខទុក្ខ អប់រំ ស្តាប់សំណូមពរ ដោះស្រាយផលលំបាក និងបញ្ហាជូនបងប្អូនប្រជាពលរដ្ឋដោយផ្ទាល់ តាមមូលដ្ឋានដែលស្ថិតនៅក្នុងរមណីយដ្ឋានអង្គរ។
ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា នៅខែមេសា ដើមឆ្នាំ២០១៧កន្លងទៅនេះ បានចុះសួរសុខទុក្ខ និងធ្វើកិច្ចការងារ មនុស្សធម៌ ដោយបានពាំនាំនូវ កញ្ចប់ទ្រទ្រង់ សុខុមាលភាពម្តាយ ងទារកទៅឧបត្ថម្ភដល់ស្ត្រី ដែលទើបតែសម្រាលកូន រួចថ្មីៗ ក្នុងតំបន់រមណីយដ្ឋានអង្គរ បានចំនួន២០៦កញ្ចប់។
បន្ថែមពីលើកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារក ក្រុមការងារសហគមន៍ អាជ្ញាធរជាតិអប្សរា បានធ្វើការងារសង្គមកិច្ច ដូចជាបាននាំយកនូវស៊ីម៉ង់ត៍ចំនួន ១ តោន ទៅឧបត្ថម្ភដល់មណ្ឌលសុខភាពរលួស ឃុំរលួស ស្រុក ប្រាសាទបាគង ដើម្បី ចូលរួមក្នុងការកសាងសមិទ្ធផលនានា នៅទីនោះ។
អាជ្ញាធរជាតិអប្សរា ក៏បានចូលរួមថវិកា ដើម្បីកសាងនូវសមិទ្ធផល ក្នុងវិស័យសាសនា ដោយបានឧបត្ថម្ភថវិកាចំនួន ៤០ម៉ឺនរៀល ដើម្បីចូលរួមបុណ្យឆ្លងសាលា នៅភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
ដោយឡែក ពាក់ព័ន្ធនឹងការងារអនុញ្ញាតការសាងសង់ប្រភេទសំណង់ស្រាល ដូចជា ជួសជុលផ្ទះ ជួសជុលដំបូល ជួសជុលជញ្ជាំង ប្តូរសសរ កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់ ចាក់ដី និងសាងសង់តូបលក់ដូរ ដែលមានចំនួន៥៣ករណី នៅស្រុកប្រាសាទបាគង ចំនួន៧ករណី, ស្រុកពួកចំនួន២ករណី, ក្រុងសៀមរាបចំនួន៣៥ករណី, ស្រុកបន្ទាយស្រីចំនួន ៩ករណី។
ស្តែងចេញពីសកម្មភាពទាំងនេះ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាតែងតែ នៅក្បែរនិងយកចិត្តទុកដាក់គ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់ នៅសុខភាព ការសាងសង់ និងការអប់រំ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងតំបន់អង្គរ មាន សេដ្ឋកិច្ច ល្អប្រសើរចំណេះដឹងទូលំទូលាយនិងមានភាពសុខសាន្តក្នុងសង្គមគ្រួសារ ៕