(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ បានថ្លែងបញ្ជាក់ថា ករណីក្រសួងមហាផ្ទៃ មិនទទួលស្គាល់ អនុប្រធានគណបក្សសង្រ្គោះជាតិទាំង៣រូប គឺជារឿងច្បាប់សុទ្ធសាធ មិនមែនពាក់ព័ន្ធនឹងរឿងនយោបាយទេ។
ការបញ្ជាក់របស់សម្តេច ស ខេង បានធ្វើឡើងបន្ទាប់ពីអ្នកនយោបាយ និងអ្នកវិភាគមួយចំនួនរិះគន់ថា ក្រសួងមហាផ្ទៃ មានចេតនារារាំង ដល់សកម្មភាពរបស់គណបក្សប្រឆាំង ក្នុងការរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន។ ជាមួយនេះ កាលពីពេលថ្មីៗកន្លងទៅ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ក៏ធ្លាប់ស្នើឱ្យក្រសួងមហាផ្ទៃណែនាំ ដើម្បីធ្វើយ៉ាងណាទើបអាច អនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃផងដែរ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «កន្លងមកខ្ញុំធ្វើតាមច្បាប់ ធ្វើឡើងតាមតួនាទីរបស់ខ្ញុំ កាលណាឯកសារគាត់តម្កល់ នៅក្រសួងមហាផ្ទៃថាយ៉ាងម៉េច គឺគាត់ត្រូវគោរពតាមហ្នឹង បើគាត់មិនគោរពនោះ តើឱ្យខ្ញុំទៅគោរពជំនួសគាត់ម៉េចនឹងកើត ហើយមួយទៀតឱ្យខ្ញុំណែនាំថា ធ្វើយ៉ាងម៉េចទើបត្រូវ ខ្ញុំអត់ដឹងដែរពីព្រោះឯកសាររបស់គាត់ បែរឱ្យខ្ញុំណែនាំ អាហ្នឹងគឺខ្ញុំខុសហើយ ខ្ញុំរំលោភ»។
សម្តេចបានបន្ថែមទៀតថា «យើងគ្រាន់តែជំរាបគាត់ថា "ខុស" ហើយខុសនោះ គឺខុសនឹងច្បាប់របស់គាត់ទេ អ្វីដែលគាត់ថា និងអ្វីដែលគាត់ធ្វើ។ ប៉ុន្តែពេលនេះចប់ហើយ។ មិនមែនជារឿងនយោបាយនោះទេ គឺជារឿងច្បាប់សុទ្ធសាធ។ ត្រង់អ្នកនយោបាយថាយ៉ាងម៉េចមិនដឹងទេ ប៉ុន្តែខ្ញុំ ធ្វើតែទៅតាមច្បាប់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់ លោក កឹម សុខា ជាប្រធានគណបក្ស សង្រ្គោះជាតិ ប៉ុន្តែក្រសួងនេះ មិនទទួលស្គាល់ អនុប្រធានទាំង៣រូប របស់គណបក្សប្រឆាំងនោះទេ ដោយសារតែខុសនឹងលក្ខន្តិកៈរបស់គណបក្សនេះ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ លក្ខន្តិកៈនោះ បានបញ្ជាក់ថា ការជ្រើសរើសអនុប្រធានត្រូវធ្វើឡើងក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីប្រធានលាលែងពីតំណែង។
ក្រោយទទួលបានលិខិតនេះ គណបក្សប្រឆាំង បានរៀបចំកែប្រែលក្ខន្តិកៈរបស់ខ្លួនឡើងវិញ ដោយលែងកំណត់ពេល ក្នុងការជ្រើសរើសអនុប្រធាន របស់ខ្លួនទៀតហើយ។ កាលពីម្សិលមិញនេះ ក្រសួងមហាផ្ទៃ ក៏បានប្រកាសទទួលស្គាល់ចំពោះការកែប្រែលក្ខន្តិកៈថ្មីនេះផងដែរ៕