(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានប្រកាសស្ថាបនាផ្លូវបេតុង១ខ្សែ និងដាក់លូ ជូនពលរដ្ឋក្នុងភូមិសន្សំកុសល១ សង្កាត់បឹងទំពុន១ ដើម្បីសម្រូលទាំងការធ្វើដំណើរចេញចូល និងជួយសម្រួលទាំងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក ឌី រ័ត្នខេមរុណ លើកឡើងបែបនេះ នៅក្នុងពិធីអបអរសាទរ ដើម្បីបើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែក ក្នុងគម្រោងមូលនិធិអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌមានជ័យ ដោយជួសជុលផ្លូវបេតុង១ខ្សែ ប្រវែង៣៦៥ម៉ែត្រ និងទទឹង៥ម៉ែត្រ និងដាក់ប្រពន្ឋលូ ទំហំ ០,៨ម៉ែត្រ ត្រូវស្ថាបនាផ្លូវលូជុំវិញសាលារៀនវត្តសន្សំកុសល ស្ថិតក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពុន១។
ពិធីបើកការដ្ឋានជួសជុលផ្លូវខាងលើនេះ មានការចូលរួម ពីលោកចៅសង្កាត់ សួស សារិន ព្រមទាំងវត្តមានលោក-លោកស្រី ជាមន្ត្រីសាលាខណ្ឌ និងសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ រួមជាមួយប្រជាពលរដ្ឋចំនួន៣០០នាក់ ផងដែរ។
នៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែ ជូនប្រជាពលរដ្ឋ ដើម្បីមានភាពងាយស្រួលធ្វើដំណើរ មុនបោះឆ្នោតឃុំ-សង្កាត់ ខាងលើនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានថ្លែងថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមក្នុងពិធីបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌសម្រាប់ឆ្នាំ២០១៧ ក្នុងការជួសជុលផ្លូវ បេតុងឆ្អឹងដែកចំនួន១ខ្សែបន្ថែម និងដាក់លូ នាពេលនេះ ដោយស្របតាមយុទ្ធសាស្ត្រចតុកោណ តំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និតិកាលទី៥ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺយើងមានសន្តិភាព មានការអភិវឌ្ឍ ឥតឈប់ឈរនូវទូទាំងប្រទេស»។
លោក ឌី រ័ត្នខេមរុណ បន្តថា សម្រាប់មូលដ្ឋានខណ្ឌមានជ័យ ក៏មានការអភិវឌ្ឍន៍គ្រប់សង្កាត់ ដូចជាស្ថាបនាផ្លូវបេតុងខ្វាត់ខ្វែង ជារៀងរាល់ឆ្នាំ មានលូរំដោះទឹក ដោយប្រើប្រាស់កញ្ចប់ថវិការបស់សង្កាត់ និងរដ្ឋបាលខណ្ឌ ដើម្បីបញ្ជៀសការលិចលង់ រួមនិងសម្រួលចរាចរណ៍ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរបានងាយស្រួល។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសាលារាជធានីភ្នំពេញ ដែលបានផ្ដល់ កញ្ចប់ថវិកា មូលនិធិអភិវឌ្ឍន៍ខណ្ឌ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍន៍ តាមផែនការមូលដ្ឋាន ដែលបានលើកឡើងតាមឆ្នាំនីមួយៗ ក្នុងរាជធានីភ្នំពេញ។
លើសពីនេះ លោកក៏សូមអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូននាៗ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យជួយថែរក្សាសមទ្ធិផលនេះ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ជាមួយគ្នានោះ លោកឌី រ័ត្នខេមរុណ បញ្ជាក់ដែរថា «សូមឲ្យប្រជាពលរដ្ឋទាំងអស់ ជួយបោះឆ្នោតឲ្យចៅសង្កាត់បឹងទំពុន ព្រោះជាចៅសង្កាត់រួមសុខរួមទុក្ខជាមួយបងប្អូន ជារៀងរាល់ថ្ងៃ»។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់ទៅចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ហើយត្រូវសម្រេចចិត្តបោះឆ្នោតជ្រើសរើស ឲ្យបានច្បាស់លាស់ ត្រឹមត្រូវផង ដើម្បីជៀសវាង ការបោះជ្រើសរើសខុស ធ្វើឲ្យយើងវិលត្រឡប់ទៅរកសង្គ្រាមវិញ ដោយជួបសោទវិនាសកម្ម បណ្ដាលឲ្យបែកបាក់ទាំងបងប្អូន ក្រុមគ្រួសារ។
អភិបាលរងខណ្ឌរូបនេះ សូមឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតជ្រើសរើស យកនូវសុខសន្តិភាពមានទាំងការ អភិវឌ្ឍន៍ឥត ឈប់ឈរដូចបច្ចុប្បន្ន ដែលស្ថិតក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕