(ភ្នំពេញ)៖ ម្ចាស់ផលិតផលគ្រឿងសំអាងម៉ាក MoMo By Sreymom របស់ក្រុមហ៊ុន អេសអ៊ឹម ហ្គូដ (ខេមបូឌា) SM Good (Cambodia) Co.,LTD បានធ្វើការព្រមានធ្ងន់ៗ ដល់ម្ចាស់ Page និងគេហទំព័រ United News International ដែលបានផ្សាយ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលិផល MoMo របស់ខ្លួន បង្កឲ្យមានការភ័ន្តច្រឡំ ពីសំណាក់សាធារណជន ជាពិសេសអតិថិជន ដែលកំពុងតែមានការគាំទ្រ និងបានស្នើឲ្យ មានការកែតម្រូវការផ្សាយរបស់ខ្លួន ជាបន្ទាន់។
ម្ចាស់ផលិតផលគ្រឿងសំអាង MoMo លោក គឹម សីហា ជាតារាសម្ដែង និង អ្នកនាង គង់ ច័ន្ទស្រីមុំ ជាតារាសម្ដែងដ៏មានប្រជាប្រិយភាពដូចគ្នា បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ក្រុមហ៊ុនបានរៀបចំមេធាវី និងរៀបចំពាក្យបណ្ដឹងរួចរាល់ហើយ ដើម្បីត្រៀមធ្វើការប្ដឹងដល់ម្ចាស់ Page និងគេហទំព័រ United News International ដែលបានផ្សាយ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧កន្លងមកនេះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលិផល MoMo ដែលកំពុងតែចរាចរណ៍លក់ នៅលើទីផ្សារក្នុងប្រទេសកម្ពុជា។
លោក គឹម សីហា បានបន្តឲ្យដឹងថា ផលិតផល ម៉ូម៉ូ (Mo Mo By Srey mom) របស់ក្រុមហ៊ុន អេសអ៊ឹម ហ្គូដ (ខេមបូឌា) SM Good (Cambodia) Co.,LTD មិនមានពាក់ព័ន្ធទៅនឹង ផលិតផលក្លែងក្លាយ និងផលិតផលខុសច្បាប់ ហាមឃាត់ដែលគណៈកម្មាធិកាប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ បានធ្វើការហាមឃាត់ និងរឹបអូសនោះទេ ហើយការដែលម្ចាស់ Page និងគេហទំព័រ United News International ធ្វើការបង្ហោះវីដេអូ អំពីការរឹបអូសផលិតផលក្លែងក្លាយ និងផលិផលហាមឃាត់ របស់អាជ្ញាធរប្រឆាំងផលិតផលក្លែងក្លាយ និងបង្ហោះភ្ជាប់រូបភាពផលិតផលម៉ាក ម៉ូម៉ូ (Mo Mo By Srey mom) ដែលបានទាញយកពីអ៊ីធ័រណិត គឺធ្វើឲ្យសាធារណជន មានការភ័ន្តច្រឡំ ផលិតផលម៉ាក Mo Mo By Srey mom ទៅនឹងផលិតផលក្លែងក្លាយ ដែលអាជ្ញាធរកំពុងធ្វើការ រឹបអូស។
តារាសម្ដែង លោក គឹម សីហា បានបន្តទៀតថា ទង្វើរបស់ម្ចាស់ Page និងគេហទំព័រ United News International បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើកេរ្តិ៍ឈ្មោះ និងអតិថិជនរបស់ក្រុមហ៊ុន អេសអ៊ឹម ហ្គូដ (ខេមបូឌា) SM Good (Cambodia) Co.,LTD។ ដូច្នេះក្រុមហ៊ុនស្នើឲ្យគេហទំព័រខាងលើ កែប្រែព័ត៌មានសារឡើងវិញ ឲ្យបានមុនថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧នេះ ដើម្បីកុំឲ្យសាធារណជន មានការភ័ន្តច្រឡំលើផលិតផលម៉ាក Mo Mo By Srey mom ទៅនឹងផលិតផលក្លែងក្លាយដទៃទៀត។ បើមិនដូច្នោះទេ ក្រុមហ៊ុន អេសអ៊ឹម ហ្គូដ (ខេមបូឌា) SM Good (Cambodia) Co.,LTD នឹងចាត់វិធានការតាមផ្លូវច្បាប់ និងទាមទារសំណង សងការខូចខាតដែលបានកើតឡើង។
លោក គឹម សីហា បានសង្កត់ធ្ងន់ថា ផលិតផលម៉ាក ម៉ូម៉ូ (Mo Mo By Srey mom) គឺនាំចូលមកពីប្រទេសជប៉ុន ដោយមានការវេចខ្ចប់ត្រឹមត្រូវ នៅក្នុងប្រទេសថៃ ហើយផលិតផល មានច្បាប់អនុញ្ញាតនាំចូលត្រឹមត្រូវ មានការចុះបញ្ជីត្រឹមត្រូវ និងបង់ពន្ធតាមច្បាប់ដែលបានកំណត់ ពីក្រសួងពាក់ព័ន្ធទាំងអស់ ដោយក្រុមហ៊ុនធានាបាននូវគុណភាព ប្រសិទ្ធិភាព ដល់អ្នកប្រើប្រាស់ និងបានសុំសិទ្ធិត្រឹមត្រូវ ក្នុងការដាក់ឈ្មោះអ្នកនាង គង់ ច័ន្ទស្រីមុំ ដើម្បីសម្គាល់ម៉ាកផលិតផលរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា៕