(កណ្តាល)៖ រថយន្តដឹកជ្រូកចំនួន៤គ្រឿង ចូលតាមច្រកចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីនាំមកចែកចាយលើ ទីផ្សារក្នុងប្រទេសកម្ពុជា ដោយមិនគោរពច្បាប់ ត្រូវបានក្រុមមន្រ្តី នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយសមាគមអ្នកចិញ្ចឹមមាន់ អ្នកចិញ្ចឹមជ្រូក នៅកម្ពុជា និងពេទ្យសត្វខេត្តកណ្តាល ឃាត់បានដើម្បីពិនិត្យខ្លាចក្រែងសត្វជ្រូកទាំងនោះជម្ងឺ។

ភ្នាក់ងារ ​Fresh ​News ​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃទី៤ ​ខែឧសភា ​ឆ្នាំ២០១៧នេះ​ថា ​រថយន្ត៣គ្រឿង ​ត្រូវ​បាន​ឃាត់​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ​និង​រថយន្ត១គ្រឿង​ទៀ​ត្រូវ​បាន​ឃាត់​នៅ​តាមផ្លូវ​ជាតិ​លេខ២ ​តែ​បាន​ប្រគល់​ទៅ​ឲ្យ​ជំនាញ​ពេទ្យសត្វ​តាកែវ​។ ​ការ​ចុះ​ឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូក ​ទាំង៤គ្រឿង​នេះ ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី៣ ​ខែឧសភា ​ឆ្នាំ២០១៧ ​ក្នុងទឹក​ដី​ស្រុក​កៀនស្វាយ ​ខេត្តកណ្តាល ​និង​ស្រុក​បាទី ​ខេត្តតាកែវ ​ជាប់​ព្រំប្រទល់​ស្រុក​កណ្តាល​ស្ទឹង ​ខេត្តកណ្តាល​។

លោក ញឹប សាវ៉ាត ជាប្រជាកសិករចិញ្ចឹមសត្វជ្រូក រស់នៅក្នុងភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល បាននិយាយថា តម្លៃជ្រូកក្នុងស្រុកបច្ចុប្បន្ននេះ មានការធ្លាក់ចុះយ៉ាងគំហុក ធ្វើឲ្យពួកគាត់ជាអ្នកចិញ្ចឹមជ្រូក នៅក្នុងស្រុកមានខាតបងប្រាក់ក្នុង១ឆ្នាំ ខ្ទង់ម៉ឺនដុល្លារ នេះគ្រាន់តែលោកជាម្ចាស់កសិដ្ឋានតូចតាចមួយផង ចុះទម្រាំកសិដ្ឋានធំមួយចំនួនទៀត តើវាខាតបង់យ៉ាងណាដែរ។

លោកបានបន្តថា «ដោយសារតែតម្លៃជ្រូករស់ មានតម្លៃទៀបបែបនេះទើបនាំគ្នា បង្កើតជាសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា ដើម្បីផ្តល់ព័ត៌មាន ដល់ជំនាញពាក់ព័ន្ធនានា ឲ្យជួយទប់ស្កាត់ការនាំសត្វជ្រូកចូលនេះ ប្រសិនបើមិនជួយទប់ស្កាត់ការនាំជ្រូកចូលនេះ អ្នកដែលខាតបង់ គឺប្រជាពលរដ្ឋខ្មែរយើង»

លោ អុល ដូរិន ប្រធានពេទ្យសត្វខេត្តកណ្តាល បានប្រាប់ថា «​ការ​ឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូក​នា​ពេលនេះ ​យើង​ឃាត់​ដើម្បី​ត្រួតពិនិត្យ​មើល ​មាន​ឯកសារ​ដឹកជញ្ជូន​សត្វ​ឆ្លង​ដែរ ​ឬមិន​មានតែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ពេល​រថយន្ត​ដែល​ឃាត់​បាន​នោះ ​គឺ​ពិនិត្យ​ឃើញថា ​ការ​ដឹកជញ្ជូន ​មាន​ឯកសារ​ត្រឹមត្រូវ​ទៅតាម​ការកំណត់  ​ប៉ុន្តែ​អ្វី​ដែល​ខុស​នោះ ​គឺ​រថយន្ត​ខុស​ស្លាក​លេខ ​ក្នុង​លិខិតអនុញ្ញាត​។ ​ពោល ​រថយន្ត​ដឹកជញ្ជូន ​ពាក់​ស្លាក​លេខ​ក្រចេះ ​3A​-​0205 ​តែ​ស្លាក​លេខ​នៅ​ជាប់ ​និង​រថយន្ត​គឺ ​តាកែវ ​3A​-​2275 ​ចំណែក១គ្រឿង​ទៀត ​គឺ​ដោះ​ស្លាក​លេខ​ចេញ ​ទុក​ក្នុង​ឡាន​គឺ​ភ្នំពេញ ​3A​-​8909 ​ដែល​មាន​ម្ចាស់​ក្រុមហ៊ុន​គឺ​លោក ​ជឹម ​សុខ ​ជា​ម្ចាស់​ក្រុមហ៊ុន ​«​អង្គរ​សុ​ខរិទ្ធ​មានជ័យ​» ​ចំណែក​រថយន្ត​មួយចំនួន​ទៀត ​គឺ​គេ​មាន​ឯកសារ​ត្រឹមត្រូវ​ទៅតាម​ការកំណត់​»​។

លោកបានបន្ថែមថា រថយន្តរបស់ក្រុមហ៊ុនលោកឧកញ្ញា ជឹម សុខ គឺយើងមិនបានពិន័យអ្វីនោះទេ គ្រាន់ហៅអ្នកបើកបររថយន្តធ្វើកិច្ចសន្យា ឲ្យឈប់ដោះស្លាកលេខចេញ ចំណែកក្រុមហ៊ុន ត្រូវត្រៀមរថយន្តក្នុង១ជើង ត្រូវមានរថយន្ត២គ្រឿង ព្រោះខ្លាចពេលត្រូវការដឹកចេញ ស្រាប់តែរថយន្តខូចចៀសវាង ដោះស្លាកដូរចុះដូរឡើងដូចពេលអីចឹង។ ទាក់ទិននិងការផ្លាស់ប្តូររថយន្តនេះលោកឧកញ៉ា ជឹម សុខ ប្រធានក្រុមហ៊ុន បានប្រាប់ថា ការដឹកជញ្ជូនជ្រូកពីប្រទេសវៀតណាម ចូលមកកាន់ប្រទេសកម្ពុជានេះ លោកមានលិខិតអនុញ្ញាត ពីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ត្រឹមត្រូវ ដោយដឹកជញ្ជូនចូលក្នុង១ក្រុមហ៊ុន២៥០ក្បាលក្នុង១ថ្ងៃ ហើយចំពោះសមត្ថកិច្ចឃាត់រថយន្តលោកនោះ គឺពាក់ព័ន្ធនឹងស្លាកលេខរថយន្ត មិនត្រូវជាមួយនិងឯកសារដឹកជញ្ជូន។

លោកឧកញ៉ា បានបញ្ជាក់បន្ថែមថា ការនាំជ្រូករស់ចូលមកកាន់ក្នុងស្រុកនេះ គឹលោកមានលិខិត ឌីអិលឌី ចេញដោយបសុពេទ្យវៀតណាមត្រឹមត្រូវ។ លោកមិននាំជ្រូកមានជំងឺចូលមកក្នុងស្រុក បង្កឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនោះទេ។ ទោះបីយ៉ាងណា មន្ត្រីពេទ្យសត្វ បានបង្ហើបឲ្យដឹងថា រថយន្តដឹកជ្រូកដែលឃាត់បានទាំងអស់ បើយើងគិតឲ្យត្រឹមត្រូវទៅតាមផ្លូវច្បាប់នោះ គឹរថយន្តនីមួយៗ ត្រូវមានឯកសារនៅជាប់ខ្លួនជានិច្ច ពេលសមត្ថកិច្ចឃាត់ គឺត្រូវបង្ហាញភ្លាមៗជាក់ស្តែង។ ប៉ុន្តែរថយន្តដែលកម្លាំងឃាត់បាននោះ មិនមានឯកសារនៅជាប់ និងខ្លួននោះទេ លុះពេលឃាត់ទើប១ម៉ោង ឬ២ម៉ោង ទើបមានអ្នកយកឯកសារមកបង្ហាញ ការធ្វើបែបនេះវាមិនត្រូវនោះទេ ព្រោះរយៈពេល១ម៉ោង ទៅ២ម៉ោងគឺគេអាចស៊ីសស៊ុះគ្នាបាន។

លោក ឆាយ សុខហួរ ប្រធានអ្នកចិញ្ចឹមមាន់នៅកម្ពុជា បាននិយយថា ការដែលលោកខិតខំសហការជាមួយជំនាញនានា  គឺលោកចង់ជម្រុញឲ្យមានការចិញ្ចឹមសត្វ ក្នុងស្រុក កាត់បន្ថយការនាំចូលពីប្រទេសជិតខាង ដើម្បីកំណើនសេដ្ឋកិច្ច ក្នុងស្រុកនិងសុខភាពពលរដ្ឋ ក្នុងស្រុកផងដែរ៕