(កំពង់ស្ពឺ)៖ លោក លី សុន និង លោក អ៊ុក កោសា ប្រធាន-អនុប្រធានក្រុមការងារចុះជួយស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ បានចុះជួបសមាជិកបក្ស៣ភូមិ ស្ថិតនៅក្នុងឃុំយុទ្ធសាមគ្គី និងឃុំជើង រាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលមាន សមាជិកបក្ស មកពីភូមិត្រពាំងល្ពាក់ ភូមិសួស និងភូមិបន្ទាយខ្មែរ សរុបទាំងអស់៦៩០រូប។
លោកឧត្តមសេនីយ៍ឯក អ៊ុក កោសា បានលើកឡើងថា គ្រប់ជំហានសកម្មភាពការងារ មិនអាចសន្យាដោយមិនធ្វើបានទេ ហើយ ក្រុមការងាររបស់គណបក្សប្រជាជន តែងតែស្វះស្វែងដើម្បីជួយគ្នា នៅចំពោះមុខក្រុមការងារ បានទទួលយកសំណើពីបងប្អូន គឺកសាង និងប្រគល់នូវអ្វីដែលជាការចាំបាច់ជារួម និងសមូហភាព ហើយក៏មិនបានសន្យាចោលដូចបក្សប្រឆាំងនោះទេ។
លោកឧត្តមសេនីយ៍ បានលើកឧទាហណ៍ជាក់ស្តែងថា ក្រុមការងារចុះជួយស្រុក បានផ្តល់ ផ្លូវថ្នល់ សាលារៀន តាមទីវត្តអារាម មន្ទីរពេទ្យ ដើម្បីផ្តល់ផលប្រយោជន៍នេះ ដល់បងប្អូនយ៉ាងចាំបាច់ ហើយប្រចាំថ្ងៃ ដោយមិនចាំសន្យានោះឡើយ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ម៉្យាងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង មិនតែប៉ុណ្ណោះបោះឆ្នោតឲ្យគណបក្សប្រជាជនយើង នៅរួមសុខរួមទុក្ខនិងគ្នា សាងប្រទេសជាមួយគ្នា មានការងារធ្វើទាំងអស់គ្នា។
ក្រោយពីបញ្ចប់ ការសំណេះក្រុមការងារបានឧបត្ថម្ភ សំរាប់សាងសង់ រោងបុណ្យភូមិ និង រូបសំណាកសត្វទាំង ១២ឆ្នាំសម្រាប់ ដាក់ក្នុងអនុវិទ្យាល័យ និងសាងសង់ផ្លូវ ជូនភូមិបន្ទាយខ្មែរ ចំនួន២ខ្សែបន្ថែម បានផ្តល់ជូនជាថវិកានោះ ចំនួន១១លានរៀល និងត្រីខចំនួន១៤០០កំប៉ុង រទេះរុញ សំរាប់ជនពិការ ០១គ្រឿង ជូនដល់សមាជិកបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញចូលរួម នាឱកាសនោះ៕