Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ផៃ ស៊ីផាន បួងសួងដល់ទេវតា ជួយតាមថែរក្សាសម្តេចតេជោ ហ៊ុន សែន ឱ្យឆាប់ជាសះស្បើយឡើងវិញ នាគ្រាដែលសម្តេចសម្រាកនៅមន្ទីរពេទ្យប្រទេសសិង្ហបុរី

04-05-2017 12:14

(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបួងសួងដល់ទេវតា ដើម្បីជួយតាមថែរក្សា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យឆាប់ជាសះស្បើយឡើងវិញ នាគ្រាដែលប្រមុខរាជរដ្ឋាភិបាល ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយ ក្នុងប្រទេសសិង្ហបុរី។

លោក ផៃ ស៊ីផាន បានប្រាប់បណ្តាញអង្គភាព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ថា «ខ្ញុំបាទ ផៃ ស៊ីផាន និងមន្ត្រីរួមការងារទាំងអស់ សូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយអភិបាលប្រោះព្រំសព្វសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យឆាប់ជាសះស្បើយ ទទួលបាននូវសុខភាពបរិបូរណ៍ បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីសុខសន្តិភាព ភាពក្សេមក្សាន្ត របស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ របស់ប្រជាជាតិ ជាមួយនឹងជោគជ័យ បន្ថែមទៀតរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាគណបក្សប្រជាជនផងដែរ»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាកំពុងពិនិត្យនិងព្យាបាលជំងឺនៅប្រទេសសិង្ហបុរី ហើយនឹងវិលមកកម្ពុជាវិញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៧ខាងមុខ។ ទន្ទឹមនឹងការសម្រាកព្យាបាលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសារសុំការយោគយល់ពីសំណាក់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តកំពង់ស្ពឺ និងពីបណ្តាប្រទេសបរទេស ពិសេសជប៉ុន ឥណ្ឌាបារាំង ដែលកម្មវិធីគ្រោងទុក សម្រាប់ការជួបត្រូវបានលុបចោលទៅវិញ៕