(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចសរុប ៣៧,៥៣០នាក់ ត្រូវបានរៀបចំសម្រាប់ការការពារការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដោយក្នុងនោះកម្លាំងនគរបាល៣៥,០៤៣នាក់ កងរាជអាវុធហត្ថ៦៤៣នាក់ និងកងយោធិពលខេមភូមិន្ទ១,៨៤៤នាក់។
ថ្លែងបញ្ជាក់យ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំការងាររបស់គណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ (គ.ស.អ) ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍។ ពិធីនេះត្រូវប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្នុងនាមលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍ នាយឧត្តមសេនីយ៍ នេត សាវឿន ថ្លែងថា ខេត្តចំនួន០៩ ដែលមានកម្លាំងការពារគ្រប់ តាមការកំណត់ គឺយ៉ាងតិច០៣នាក់ ក្នុង០១ការិយាល័យ ឬ០១គោលដៅ រួមមាន៖ ខេត្តកណ្ដាល បន្ទាយមានជ័យ ឧត្តរមានជ័យ រតនគិរី ស្ទឹងត្រែង កោះកុង មណ្ឌលគិរី ប៉ៃលិន និងខេត្តកែប មានកម្លាំងការពារការិយាល័យបោះឆ្នោត សរុបចំនួន៧,១៥០នាក់ ក្នុងនោះនគរបាល ៦,៩៣៩នាក់ កងរាជអាវុធហត្ថ១០០នាក់ និងកងយោធពលខេមរភូមិន្ទ ១១១នាក់។
នាយឧត្តមសេនីយ៍ នេត សាវឿន បន្ថែមថា រាជធានី-ខេត្តចំនួន១៤ ដែលមានកម្លាំងការពារចាប់ពី ០២នាក់ ក្នុង០១ការិយាល័យ ឬ០១គោលដៅរួមមាន៖ រាជធានីភ្នំពេញ ព្រៃវែង បាត់ដំបង កំពង់ចាម តាកែវ សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពត ស្វាយរៀង កំពង់ឆ្នាំង ពោធិ៍សាត់ ក្រចេះ និងខេត្តព្រះវិហារ គឺមានកម្លាំងការពារការិយាល័យបោះឆ្នោត សរុបចំនួន២៧,៩២៤នាក់ ក្នុងនោះនគរបាល ២៥,៨១៤នាក់ កងរាជអាវុធហត្ថ ៤២៧នាក់ និងកងយោធពលខេមរភូមិន្ទ ១,៦៨៣នាក់។
អគ្គស្នងការនគរបាលជាតិបន្ដថា ខេត្តចំនួន០២ ដែលមានកម្លាំងការពារម្នាក់ក្នុង០១ការិយាល័យ គឺខេត្តព្រះសីហនុ មានការិយាល័យបោះឆ្នោតចំនួន២៨០ ហើយត្រូវប្រើប្រាស់កម្លាំងសរុប ១,០៨២នាក់ ក្នុងនោះនគរបាល៩១៦នាក់ កងរាជអាវុធហត្ថ១១៦នាក់ និងកងយោធពលខេមរភូមិន្ទ៥០នាក់។ ដោយឡែក ខេត្តកំពង់ស្ពឺ មានការិយាល័យ១,៤៧២នាក់ ត្រូវបានបែងចែកជា១,២៤២គោលដៅ ដែលប្រើប្រាស់កម្លាំងនគរបាលការពារសរុប១,៣៧៤នាក់។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាក់ថា សម្រាប់ផែនការការពារ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលរយៈពេល១៤ថ្ងៃនោះ កម្លាំងការពារសុរប ១៩,៣១១នាក់ ក្នុងនោះ នគរបាល១៥,៣៧១នាក់ កងរាជអាវុធហត្ថ១,៩៧០នាក់ និងកងយោធពលខេមរភូមិន្ទ ១,៩៧០នាក់៕