(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែឧសភា ឆ្នា២០១៧នេះ បានអំពាវនាវទៅដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ត្រូវមានម្ចាស់ការនៅលើខ្លួនឯង ពេលមានគ្រោះអគ្គិភ័យកើតឡើង និងយល់ដឹងអំពីការបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យ ក្នុងស្មារតីប្រុងប្រយ័ត្ន ចៀសវាងមានគ្រោះថ្នាក់ ដល់អាយុជីវិត និងខាតបង់ទ្រព្យសម្បត្តិ ដូចពាក្យស្លោក «ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាល កុំឲ្យមានភ្លើងឆេះផ្ទះ»។
ការអំពាវនាវរបស់លោក ខូយ រីដា ធ្វើឡើងនៅពហុកីឡាដ្ឋានខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ឆាយ ភន ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងអាវុធហត្ថខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ ប្រជាការពារ និងសិស្សានុសិស្សជាង២០០នាក់។
លោកឧត្តមសេនីយ៍ត្រី ឆាយ ភន ស្នងការរងនគរបាលខេត្ត បានជម្រាបជូនថា គ្រោះថ្នាក់ដោយសារអគ្គិភ័យក្នុងឆ្នាំ២០១៦ បើប្រៀបធៀបនឹងឆ្នាំ២០១៥ មានការកើនឡើង ៦លើក ៤១/៣៥លើក ស្នើនឹង ១៧,១៤% ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៧នេះ ទូទាំងខេត្តមានអគ្គិភ័យកើតឡើង ៧លើក ក្រុងពោធិ៍សាត់ ១លើក ស្រុកភ្នំក្រវាញ ៣លើក ស្រុកបាកាន២លើក និងស្រុកក្រគរ១លើក ឆេះផ្ទះ៥ខ្នង ឆេះឡសំងួតស្រូវ១ កន្លែង តូបលក់អីវ៉ាន់ និងស្នាក់នៅ៣តូប ដែលភាគច្រើនបណ្តាលមកពី កត្តាឆ្លងចរន្តអគ្គិសនី កត្តាធ្វេសប្រហែស កត្តាភ្លើងឆេះព្រៃ ក្រៅពីនោះកត្តាផ្សេងៗ។
លោក ខូយ រីដា បានថ្លែងនូវការកោតសរសើរចំពោះកម្លាំងជំនាញអគ្គិភ័យ ដែលបានលះបង់ខ្ពស់ ក្នុងការអន្តរាគមន៍ ចុះជួយបាញ់ពន្លត់គ្រប់គ្រោះអគ្គីភ័យ ដែលបង្កជាវិនាសកម្មផ្សេងៗ ជូនបងប្អូនប្រជាពលរដ្ឋ ស្របពេលដែល ខេត្តពោធិ៍សាត់កំពុងមានការរីកចម្រើន ផ្នែកសំណង់ រោងចក្រ សណ្ឋាគារ សហគ្រាស គ្រឹះស្ថាន អគារផ្ទះល្វែងជាបន្តបន្ទាប់ រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត បានខិតខំពង្រឹងវិធានការមធ្យោបាយគ្រប់ប្រភេទ ក្នុងការបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យ ធានារក្សាប្រយោជន៍ជូនសាធារណជន និងប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនោះ លោកអភិបាលរងខេត្ត បានជំរុញការលើកទឹកចិត្ត ឲ្យកម្លាំងទាំងអស់ ត្រូវចាត់ទុកថាប្រជាពលរដ្ឋដែលរងគ្រោះដោយសារអគ្គិភ័យ គឺជាបងប្អូន សាច់ញាតិរបស់យើងគ្រប់ៗគ្នា និងមិនត្រូវប្រកាន់បក្សពួកឬនិន្នាការនយោបាយអ្វីឡើយ។ លោកអភិបាលរងខេត្ត ក៏បានណែនាំបន្ថែមដល់ អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវជំរុញការងារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់មានការចូលរួមទប់ស្កាត់អគ្គីភ័យ ជាពិសេសនៅតាមគ្រប់មជ្ឈដ្ឋាន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ត្រូវមានឧបករណ៍ពន្លត់អគ្គិភ័យ និងចេះទប់ស្កាត់បឋម មុនកម្លាំងជំនាញអន្តរាគមន៍ទៅដល់។
នៅក្នុងឱកាសនោះ ក៏មានបង្ហាញអំពីការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងបង្ហាញអំពីការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដើម្បីពន្លត់ករណីឆេះទ្រង់ទ្រាយធំផងដែរ៕