(កំពង់ធំ)៖ បុរសម្នាក់បានផឹកស្រារហូតស្រវឹង ហើយបានទៅរករឿងប្រច័ណ្ឌប្រពន្ធ រហូតសម្រេចចិត្តហ៊ានយកកាំបិតខ្វាវ កាប់ និងអារ-ក ប្រពន្ធ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌បំផុត។ បន្ទាប់ពីសម្លាប់ប្រពន្ធហើយ បុរសជាប្តីបានធ្វើអត្តឃាត ផឹកថ្នាំពុលសម្លាប់ខ្លួនឯងតាមក្រោយ ផងដែរ ប៉ុន្តែត្រូវជួយសង្គ្រោះទាន់។
ហេតុការណ៍ភ្លើងប្រច័ណ្ឌពុះកញ្ជ្រោល រហូតសម្រេចចិត្តសម្លាប់ប្រពន្ធ និងធ្វើអត្តឃាតសម្លាប់ខ្លួនឯងខាងលើនេះ បានកើតមានឡើងនៅយប់នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះក្នុងភូមិកំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសជាប្តីបានយកកាំបិតកាប់ និងអារ-ក ប្រពន្ធខ្លួននោះឈ្មោះ ផេង ធឿង អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ចំណែកស្ត្រីជាប្រពន្ធរងគ្រោះឈ្មោះ អួន សាអ៊ីម អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែ បានស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌បំផុត។
សមត្ថកិច្ចបានបន្តទៀតថា បុរសជាប្តី បន្ទាប់ពីធ្វើសកម្មភាពសម្លាប់ប្រពន្ធយ៉ាងសាហាវព្រៃផ្សែនោះ បានយកថ្នាំពុលបាញ់ស្មៅម៉ាក (ដេកូ៦០០) ផឹកសម្លាប់ខ្លួនតាមក្រោយ រួចដេកក្បែរសពប្រពន្ធ ប៉ុន្តែត្រូវបានសមត្ថកិច្ចដឹកបញ្ជូន ទៅសង្គ្រោះក្នុ្ងងមន្ទីរពេទ្យបានភ្លាមៗ រីឯស្ត្រីរងគ្រោះ ត្រូវឃាតកជាប្តីកាប់ និងអារ-ក មានស្នាមរបួសចំនួន៤កន្លែង នៅលើបំពង់ក១កន្លែង និងក្រោមបបូមាត់ខាងឆ្វេង៣កន្លែង។
លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា ស្នងការរងកណ្តាលយុត្តិធម៌ នៃស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាក់ថា បន្ទាប់កើតមានករណីឃាតកម្មនេះ លោកបានដឹកនាំកម្លាំងនគរបាលផ្ទាល់ ចុះមកដល់កន្លែងកើតហេតុ និងបានបញ្ជូនជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យទៅ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយចំពោះករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿង តាមនីតិវិធីច្បាប់៕