(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការស្នើដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួយបង្ហាញភស្តុតាងឲ្យបានច្បាស់លាស់ ក្រោយពីធ្វើការព្រមាន និងហាមឃាត់តារាសម្ដែង កញ្ញា ដេននី ក្វាន់ មិនឲ្យមានសកម្មភាពអ្វីទាំងអស់ ក្នុងការងារសិល្បៈ ជៀសវាងនាំឲ្យមានការរិះគន់ ពីសំណាក់មហាជន ទៅលើវិធានការនេះ។
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងក្នុង Facebook ផ្ទាល់ខ្លួនរបស់លោកថា «ខ្ញុំមិនដែលស្គាល់នាង (ដេននី ក្វាន់) ទេ ហើយក៏មិនឈឺក្បាល រឿងនាងស្លៀកពាក់ នៅក្រៅឆាកដែរ តែការហាមឃាត់ការសម្ដែងរបស់នាង ត្រូវមានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ) !»។
ការលើកឡើងរបស់ លោក ខៀវ កាញារីទ្ធ បានធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មាន ទទួលបានលិខិតសំណើរពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លេខ ១៨១ \២៨ ,០៤ ,២០១៧ ដើម្បីផ្ដល់កិច្ចសហការហាមឃាត់ គ្រប់ស្ថានីយទូរទស្សន៍ និងអាជីវកម្មដែលមានមុខរបរពាក់ព័ន្ធ នឹងវិស័យសិល្បៈវប្បធម៌ ឲ្យផ្អាកទទួលយកតារាសម្ដែងរបស់ កញ្ញា ដេននី ក្វាន់ ចូលរួមសម្ដែង។ ដោយក្នុងកំណត់ហេតុលិខិត របស់ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរចោទជាសំណួរ ថា តើរឿងណាខ្លះ និងសកម្មភាពអ្វីខ្លះ ដែលនាងបានរំលោភ ពីការណែនាំរបស់ក្រសួងវប្បធម៌?
សូមបញ្ជាក់ថា បន្ទាប់ពីមានកិច្ចប្រជុំយ៉ាងក្ដៅគគុកមួយ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧កន្លងទៅ នៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីដាក់ពិន័យ និងធ្វើការព្រមាន លើតារាសម្ដែង កញ្ញា ដេននី ក្វាន់ ដែលជាតារាចូលចិត្តបញ្ចេញ ភាពសិចស៊ីហួសហេតុ ខូចតម្លៃអ្នកសិល្បៈ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរ ក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌ និងប្រធានសមាគមសិល្បៈទាំងពី ដោយតារាសម្ដែង នាង ដេននី ក្វាន់ បានទទួលយកនូវការដាក់ពិន័យ និងយល់ព្រមតាមក្រសួង ដែលបានចាត់វិធានការណ៍មកលើខ្លួន ដោយមិនបានប្រតិកម្ម ឬប្រកែកអ្វីឡើយ។
ក្នុងនោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចធ្វើការដាក់ពិន័យ មិនឲ្យបង្ហាញវត្តមាន ក្នុងការងារសិល្បៈ រយៈពេល១ឆ្នាំ និងបានស្នើដល់ស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងព័ត៌មាន សមាគមសិល្បៈទាំងអស់ និងម្ចាស់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ មេត្តាចូលរួមសហការលើបញ្ហានេះ ឲ្យមានប្រសិទ្ធភាព៕