(កំពង់ធំ)៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីពេទ្យ និងពីរនាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧នេះ តាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេង្តកំពង់ធំ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh Newsថា មុនពេលកើតហេតុគេឃើញអ្នកជិះម៉ូតូម៉ាក MSX ពាក់ស្លាកលេខ
កំពង់ធំ 1I-8673 ពណ៌សរ បើកបរចេញពីកើតទៅលិច ក្នុងយ៉ាងល្បឿនលឿនដូចរន្ទះ ហើយបុរសវ័យចំណាស់ម្នាក់ទៀត បានជិះម៉ូតូម៉ាកវ៉េវ គ្មានស្លាកលេខ ពណ៌ខ្មៅចេញពីលិចទៅកើត បញ្ច្រាស់ទិសគ្នា ស្រាប់តែបុកគ្នាពេញទំហឹងដួលបោកក្បាល នឹងថ្នល់ជាតិ បែកក្បាលចេញឈាមត្រូវបានដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក។ ពេលទៅដល់មន្ទីពេទ្យជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ចំណែកឯយុវជនពីនាក់ ដែលជិះម៉ូតូម៉ាក MSX រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាម៊ុយ ដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យ ក្រុងភ្នំពេញ។
អ្នកបើកបរម៉ូតូ MSXឈ្មោះ យាន ធឿន ភេទប្រុស អាយុ២៥ឆ្នាំ (របួសធ្ងន់) ទីលំនៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងអ្នកជិះពីក្រោយឈ្មោះជា ចិត្រ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានឪពុកម្តាយ និងបងប្អូន ដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យក្រុងភ្នំពេញ រីឯសាកសពជនរងគ្រោះប៉ូលិសប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូបង្កទាំងពីរគ្រឿង ត្រូវបានកម្លាំងនគរបាលចរាចណ៍ស្រុក ធ្វើការវាស់វែង និងរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕