(បាត់ដំបង)៖ កុមារាអាយុ២ឆ្នាំម្នាក់ស្លាប់ ដោយសារសង្ស័យអាចពុលចាហួយដូងម៉ាក M&S បាត់ដំបង កាលពីវេលាម៉ោងរំលងអាធ្រាត្រចូលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង នេះបើយោងតាមសាច់ញាតិអះអាងយ៉ាងដូច្នេះ។
សមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះខាងលើនេះ ឈ្មោះ អឿន វាសនា អាយុ២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដែលមានឪពុកឈ្មោះ លួន សំអឿន អាយុ៣៣ឆ្នាំ មុខរបរធ្វើស្រែ និងម្តាយឈ្មោះ ណុប សាស អាយុ៣៧ ឆ្នាំមុខរបរធ្វើស្រែ។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការពុលនេះ មកពីម្តាយកុមាររងគ្រោះបានទិញចាហួយដូង ម៉ាក M&S បាត់ដំបង ចំនួន១កញ្ចប់ ពីស្រ្ដីឈ្មោះ កង ភឹង អាយុ៧៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិកើតហេតុ នៅម៉ោងប្រមាណ ០២៖៣០នាទីល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ ឲ្យកូនហូប បណ្តាលឲ្យកុមាររងគ្រោះ មានសភាពអស់កម្លាំង។ ខណៈពេលនោះ ក្រុមគ្រួសារក៏បានបញ្ជូនកុមាររងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន ស្រុកមោងប្ញស្សី រហូតដល់ម៉ោង០២៖០០នាទី យប់រំលងអាធ្រាត្រថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ បណ្តាលឲ្យស្លាប់តែម្តង។
បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ជាមួយគ្នានោះមូលដ្ឋានកងរាជអាវុធហត្ថស្រុកមោងឫស្សី បានយកថវិកាចំនួន៥០,០០០រៀល ចូលបុណ្យសពផងដែរ៕