(ព្រះសីហនុ)៖ រោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅកម្ពុជា ដែលគ្រោងចំណាយថវិកាសាងសង់ដំណាក់កាលទី១ រហូតទៅដល់៦២០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ហើយនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅក្នុងភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពិធីបើកការដ្ឋានសាងសង់រោងចក្រចម្រាញ់ប្រេងកាតនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន Cambodian Petrochemical Co.,Ltd . និងក្រុមហ៊ុន CNPC Northeast Refining and Chemical Engineering Co.,Ltd របស់ចិន។
លោកឧកញ៉ា ហាន់ ឃៀង អគ្គនាយកប្រតិបិត្តក្រុមហ៊ុន Cambodian Petrochemical Co.,Ltd បានថ្លែងថា ក្រុមហ៊ុនរបស់លោកបានទទួលអាជ្ញាបណ្ណពីរាជរដ្ឋាភិបាល សាងសង់រោងចក្រចម្រាញ់ប្រេងកាតនៅខេត្តព្រះសីហនុ ដែលនឹងត្រូវប្រើទុនវិនិយោគប្រមាណ ៣ ពាន់លានដុល្លារ ហើយមានសមត្ថភាពផលិតប្រេង ៥លានតោនក្នុង១ឆ្នាំ តែដំណាក់កាលដំបូងនេះ ផលិតបានប្រមាណ ២លានតោនប៉ុណ្ណោះក្នុងមួយឆ្នាំ។
លោក ស៊ុយ សែម បានថ្លែងថា ក្រសួងរ៉ែ និងថាមពល មានបេសកកម្មយ៉ាងធំធេងក្នុងការបង្កើតរបត់ថ្មីមួយក្នុងវិស័យសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមតាមរយៈជំរុញការប្រើប្រាស់ឲ្យអស់លទ្ឋភាព នៃសក្តានុពលរបស់វិស័យឧស្សាហកម្មនិស្សារណកម្ម ដូចជាការធ្វើអាជីវកម្ម ផលិតកម្មរ៉ែ ប្រេងកាត និងឧស្ម័ន ការពូតផ្តុំកំលាំគ្នារវាងវិស័យថាមពល រ៉ែ ប្រេងកាត និងឧស្ម័ន ព្រមទាំងការអភិវឌ្ឍ វិស័យអគ្គិសនីជនបទ ការជំរុញពិពិធកម្ម ប្រភពថាមពល និងការពង្រីកវិសាលភាពគ្របដណ្តប់ នៃសេវាផ្គត់ផ្គង់អគ្គិសនីមានតម្លៃសមរម្យ បានដល់ប្រជាជន។
លោកបន្តថា «ប្រេងឥន្ឋនៈ គឺជាកូនសោរគន្លឹះ ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ យើងបានបើកចំហរអនុញ្ញាតឲ្យផ្នែកឯកជនក្នុង និងក្រៅប្រទេស ក៏ដូចជាដៃគូអភិវឌ្ឍនានាចូលរួមវិនិយោគ និងធ្វើអាជីវកម្មក្នុងការផលិត ការចម្រាញ់ ការនាំចូល ការស្តុក ការដឹកជញ្ជូន និងការលក់ចែកចាយជាដើម ដើម្បីធានាការផ្គត់ផ្គង់ប្រេង និហឧស្ម័នឥន្ឋនៈគ្រប់គ្រាន់ដល់អ្នកប្រើប្រាស់ និងការអភិវឌ្ឍវិស័យផ្សេងៗទៀត»។
បើតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ដំណើរការសាងសង់រោងចក្រក្នុងដំណាក់កាលទី១ និងបញ្ចប់នាពាក់ កណ្ដាលឆ្នាំ២០១៩ ហើយដំណាក់កាលទី២ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២២។
លទ្ធផលនៃការសិក្សា ដែលបង្ហាញដោយក្រសួងរ៉ែ បានបញ្ជាក់ថា នៅឆ្នាំ២០១៥ កម្ពុជាបានប្រើប្រាស់ប្រេងឥន្ទនៈ ១.៨លានតោន កើនឡើង ៦.៧% បើប្រៀបធៀបនឹងឆ្នាំ២០១៤ ក្នងនោះប្រេងម៉ស៊ូតកើន ៨.៣% ប្រេងសាំងកើន ៥.៦% និងឧស្ម័នឥន្ធនៈកើន ៦% ដែលឆ្លុះបញ្ចាំងឲ្យឃើញថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈ នឹងបន្តកើនឡើងនៅឆ្នាំបន្ទាប់ទៀត ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន កម្ពុជានាំចូលប្រេង និងឧស្ម័នឥន្ធនៈពីបរទេស ១០០% តាមរយៈក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ចំនួន១៤ ដើម្បីលក់ និង ចែកចាយទូទាំងប្រទេស។
សូមរំឭកថា នៅអំឡុងទសវត្សរ៍៦០ ប្រទេសកម្ពុជា ធ្លាប់មានរោងចក្រចម្រាញ់ប្រេងកាតមួយនៅតំបន់ស្ទឹងហាវ ក្រុងព្រះសីហនុ។ រោងចក្រនោះ បានបើកដំណើរការនៅឆ្នាំ១៩៦៨ ប៉ុន្តែជាអកុសលនៅឆ្នាំ១៩៧១ រោងចក្រ ត្រូវបានផ្អាកដំណើរការវិញ ដោយសារសង្គ្រាមធ្វើឱ្យខូចខាតទាំងស្រុង។ តាំងពីនោះ រហូតដល់ពេលបច្ចុប្បន្ន កម្ពុជាមិនទាន់មានរោងចក្រចម្រាញ់ប្រេងផ្ទាល់ខ្លួននៅឡើយទេ ហើយកម្ពុជានៅតែជាប្រទេស ដែលប្រើប្រាស់ផលិតផលប្រេងឥន្ធនៈគ្រប់ប្រភេទនាំចូលពីបរទេសប៉ុណ្ណោះ។
ក្រសួងរ៉ែ និងថាមពល បានបង្ហាញក្តីរំពឹងថា តាមរយៈគម្រោងវិនិយោគសាងសង់រោងចក្រចម្រាញ់ប្រេងមួយនេះ នឹងក្លាយជាខ្សែសង្វាក់ផលិតកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ផលិតប្រេងមានស្តង់ដារគុណភាពខ្ពស់ ដណ្តើមទីផ្សារផលិត និងចែកចាយផលិតផលប្រេងនៅក្នុងប្រទេស និងក្នុងតំបន់ នាពេលខាងមុខដ៏ខ្លី៕