(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅវេលាម៉ោង ៧៖៣៥នាទីព្រឹក នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ មានករណីគ្រោះ ថ្នាក់អគ្គិភ័យមួយកើតឡើង នៅ ចំណុចជាប់របងសាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតក្នុង ក្រុមទី១៥ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ។
ហេតុការណ៍នេះ បានបណ្តាលឲ្យឆេះផ្ទះអស់១ខ្នង ទំហំ៧មគុណ៩ម៉ែត្រ សាងសង់ពីថ្មក្រោម ឈើលើ ប្រក់ហ្វីប្រូស៊ីម៉ង់ត៍ និងឆេះខូចខាតសម្ភារៈប្រើប្រាស់ សំលៀកបំពាក់ក្នុងផ្ទះ។
បើតាមលោកស្នងការ ករណីនេះសមត្ថកិច្ចប្រើ រថយន្តពន្លត់អគ្គីភ័យ ៦គ្រឿង (ស្នងការដ្ឋាននគរបាលខេត្ត៣គ្រឿង កងរាជអាវុធហត្ថខេត្ត១គ្រឿង និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ២គ្រឿង) បានចេញជួយអន្តរាគមន៍ពន្លត់ មិនឲ្យរាលដាលទៅផ្ទះអ្នកជិតខាង រលត់ទាំងស្រុង នៅវេលាម៉ោង៨៖៣០នាទីព្រឹក ប្រើប្រាស់ទឹកអស់ចំនួន៧ឡាន ។
ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ ដាង សេង ភេទប្រុស អាយុ៧០ឆ្នាំ មុខរបរគ្រូបង្រៀន ដោយមានអ្នករងរបួសមធ្យមម្នាក់ (រលាកភ្លើង) ឈ្មោះ សេង ចាន់ព័រ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនិស្សិត្យ ត្រូវជាកូនម្ចាស់ផ្ទះ៕