(រតនគិរី)៖ លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងនៃកងរាជអាវុធលើផ្ទៃប្រទេស ទទួលការងារសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងយន្តការការងារសន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដោយបានដាក់បទបញ្ជាដល់កម្លាំងពាក់ព័ន្ធ ត្រូវតែពង្រឹងការងារទាងនោះកាន់តែមានប្រសិទ្ធភាពខ្ពស់។
ពិធីប្រជុំផ្សព្វផ្សាយពង្រឹងយន្តការការងារសន្តិសុខ ស្រាវជ្រាវបង្រ្កាបបទល្មើសធនធានធម្មជាតិនេះ មានការចូលរួមពី លោកស្នងការរង នៃទីបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ប្រធានផ្នែក មេបញ្ជការ-មេបញ្ជាការរងកងរាជអាវុធ ប្រធានមន្ទីរយុត្តិធម៌ខេត្តប្រធានមន្ទីរ បច្ចេកទេសសន្តិសុខ នាយការិយាល័យប្រតិបត្តិការ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថក្រុង-ស្រុក និងនាយអាវុធហត្ថជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានសម្ដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានលោកឧត្តមសេនីយ៍ឯក ហុង វិណុល និងប្រតិភូអមដំណើរ និងបានបញ្ជាក់អំពីសភាពការណ៍សន្តិសុខ អំពីបទល្មើសធនធានធម្មជាតិ យន្តការគ្រប់គ្រង និងបញ្ជាការងារសន្តិសុខ។
ចំពោះបទល្មើសព្រៃឈើ លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បានលើកឡើងថា ប្រភពបទល្មើសព្រៃឈើមានចេញពីស្រុកវើនសៃ ស្រុកតាវែង ស្រុកអូរយ៉ាដាវ ស្រុកលំផាត់ និងស្រុកអណ្តូងមាស។ ដោយឡែកទីតាំងស្តុបឈើ សិប្បកម្ម មានចំនួន៤៦កន្លែង តែមានច្បាប់៣កន្លែងប៉ុណ្ណោះ បទល្មើសក្នុងការនាំចេញមាន ១០ច្រក ក្នុងនោះតាមច្រកអន្តរជាតិ១ ជាមួយនិងច្រករបៀងចំនួន ៩ទៀត ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម គឺខេត្តយ៉ាឡាង ខេត្តកាន់ថឺរ និងជាប់ខេត្តអាចម៍ក្រពើ ប្រទេសឡាវ។
លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការរងខេត្តរតនគិរី ទទួលបន្ទុកបច្ចេកទេស និងសន្តិសុខ បានលើកឡើងពីលទ្ធផលការងារ ក្រោមការដឹកនាំដោយលោក គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ដែលទទួលបានលទ្ធផលការងារវិជ្ជមាន ប្រកបដោយស្មារតីទទួលខុសត្រូវ លើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បង្ការ បង្ក្រាបបទល្មើស ដ៏ដូចជាការបង្ក្រាបបទល្មើសធនធានធម្មជាតិជាដើម។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានឲ្យដឹងថា កត្តាសំខាន់អ្វីដែលអង្គភាពកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំមានការទទួលខុសត្រូវ តាមភារកិច្ចតួនាទី ចេះសហការសាមគ្គីផ្ទៃក្នុង រាល់យន្តការការងារគ្រប់គ្រងបញ្ជា និងបញ្ជាការពារសន្តិសុខ ពិតណាស់គឺទទួលបានលទ្ធផលជោគជ័យ សម្រាប់អង្គភាព ក៏ដូចជាការណែនាំពីថ្នាក់ដឹកនាំខាងលើ។
លោកឧត្តមសេនីយ៍បានបន្តថា នៅខេត្តរតនគិរី កងកម្លាំងបង្ក្រាបបាននូវបទល្មើសធនធានធម្មជាតិ ជាទីមោទនៈ និងមានទំនាក់ទំនងល្អ ជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធ និងចូលរួមយ៉ាងខ្លាំងជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លើបញ្ហាស្រាវជ្រាវ ទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ កន្លងមក ក៏ដូចជាបច្ចុប្បន្ន។
លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានជំរុញការងារបន្តយកចិត្តទុកដាក់តាមដានស្រាវជ្រាវគ្រប់មធ្យោបាយ រកឲ្យឃើញពីប្រភពនៃបទល្មើសព្រៃឈើ ទីតាំង មុខសញ្ញាឈ្មួញ ច្រកចេញ បន្ទាប់ពីការងារសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម៕