(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៧គ្រឿង រថយន្ដធុនតូចចំនួន២គ្រឿង និងរថយន្តធំ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនប្រកាន់ស្តាំ, ស្រវឹង និងបត់គ្រោះថ្នាក់ជាដើម។
សូមបញ្ជាក់ថារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន២១លើក បណ្ដាលឲ្យស្លាប់១០នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៣៣នាក់៕