(ការ៉ាកាស់)៖ កងកម្លាំងសន្តិសុខវេណេស៊ុយអេឡា និងក្រុមអ្នកតវ៉ា នៅក្នុងរដ្ឋធានីការ៉ាកាស់ នៅតែបន្តប្រឈមមុខដាក់គ្នាឥតឈប់ឈរ ខណៈចំនួន មនុស្សស្លាប់ បណ្តាលមកពីបាតុកម្មទ្រង់ទ្រាយធំបំផុត ដែលបានផ្ទុះឡើងចាប់តាំងដើមខែមេសាមកនោះ បានកើនដល់៣១នាក់ និងរងរបួស៤០០នាក់ រីឯរាប់រយនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។
ក្រុមអ្នកគាំទ្រ គណបក្សប្រឆាំងរបស់ប្រទេសវេណេស៊ុយអេឡា បាននាំគ្នាបិទផ្លូវធ្វើដំណើរជាច្រើនខ្សែ នៅក្នុងរដ្ឋធានីការ៉ាកាស់ ដើម្បីថ្កោលទោសចំពោះការ សម្រេចចិត្តរបស់ប្រធានាធិបតី លោក Nicolas Maduro ក្នុងការទាមទារឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ជុំវិញការស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ លោក Maduro ក៏បានអះអាងដែរថា វេណេស៊ុយអេឡា គួរតែមានសភាប្រជាជននិងរដ្ឋធម្មនុញ្ញថ្មីមួយ ដើម្បីស្ដារឡើងវិញនូវសន្តិភាពក៏ដូចជា ទប់ស្កាត់ ការធ្វើរដ្ឋប្រហារ។ ក៏ប៉ុន្តែក្រុមគណបក្សប្រឆាំង ដែលគ្រប់គ្រងសភាជាតិបានច្រានចោលសំណើនេះ និងចោទថា លោកប្រធានាធិបតីមានចេតនាបំផ្លាញបទបញ្ញត្តិ នៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ដើម្បីសំដៅពង្រឹងអំណាចរបស់ខ្លួនឯងទៅវិញ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេលប្រមាណមួយខែចុងក្រោយនេះ បាតុកម្មផ្ទុះអំពើហិង្សាដែលរៀបចំឡើងដោយក្រុមបក្សប្រឆាំង បានកើតមានឡើងស្ទើរតែជារៀងរាល់ថ្ងៃ នៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ ក្នុងគោលបំណងសំដៅទាមទារឲ្យលោក Nicolas Maduro ប្រធានាធិបតីវេណេស៊ុយអេឡាចុះចេញពីអំណាច និងស្នើឲ្យមានការបោះឆ្នោតនៅមុនពេលកំណត់។ ជាការឆ្លើយតបរដ្ឋាភិបាល ក៏បានសម្រេចប្រើប្រាស់កម្លាំងកងសន្តិសុខរួមទាំង ការដង្ហែរបាតុកម្មតបតទៅវិញដោយក្រុមអ្នកគាំទ្រលោក Maduro។