(តូក្យូ)៖ ក្នុងពេលបំពេញបេសកកម្មនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេលប៉ុន្មានថ្ងៃមកនេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏មិនភ្លេចចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះឡើយ ដែលឱកាសដ៏កម្រនេះ បានបង្ហាញពីភាពសប្បាយរីករាយ ប្រកបដោយភាពស្និទ្ធស្នាលបំផុត អមដោយការអំពាវនាវ និងការប្ដេជ្ញាចិត្តការពារសន្តិភាពជូនមាតុភូមិកម្ពុជា ដាច់ខាតមិនចាញ់បោកការញុះញង់បំផ្លើសការពិត ពីពួកអគតិមួយចំនួនឡើយ។
កម្មវិធីដ៏អធឹកអធមនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ក្រោមការរៀបចំរបស់ស្ថានទូតខ្មែរប្រចាំនៅប្រទេសជប៉ុន។ លោកបណ្ឌិត ថោង ខុន ក៏បានពាំនាំសេចក្តីនឹករឭក ស្រឡាញ់រាប់អាន របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលរស់នៅជប៉ុនផងដែរ និងបានធ្វើការសំណេះសំណាលដោយផ្ទាល់ ជាមួយបងប្អូនខ្មែរជាច្រើននាក់ ប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយ។
ក្នុងឱកាសនោះ លោកដ្ឋមន្រ្តីបានជម្រាបជូនប្រជាពលរដ្ឋខ្មែរ ពីភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ពិសេសគឺនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលបាននាំមកនូវសន្តិភាពពេញបរិបូរណ៍ជូនប្រទេសជាតិ ភាពសុខសាន្ត ជូនប្រជាពលរដ្ឋ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ជាតិ និងនាំមកនូវជីវភាពរីកចម្រើនជូនប្រជាពលរដ្ឋ រួមចំណែកយ៉ាងសំខាន់ដល់សុខសន្តិភាពក្នុងតំបន់។ អ្វីដែលបងប្អូនបានមកដល់ និងរស់នៅប្រកបមុខរបរការងារ សិក្សារៀនសូត្រនៅទីនេះ ក៏ដោយសារទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាលកម្ពុជា-ជប៉ុន ហើយប្រទេសជប៉ុនដែលមានការអភិវឌ្ឍ និងរីកចម្រើនដូចនេះ ក៏ដោយសារប្រទេសនេះ រក្សាបានសុខសន្តិភាពដ៏រងមាំយូរអង្វែងមកហើយ។
លោកបន្តថា សង្គ្រាមមិនបាននាំមកនូវអ្វី ក្រៅពីការវិនាស អន្តរាយ គ្មានអ្នកឈ្នះ មានតែអ្នកចាញ់ ហើយអ្នកចាញ់ គឺប្រជាជន។ កម្ពជាធ្លាប់បានឆ្លងកាត់សង្គ្រាម រងទុក្ខវេទនារាប់មិនអស់ រាប់ទាំងរបបប្រល័យពូជសាសន៍ ដែលសកលលោកមិនធ្លាប់ជួបប្រទះ។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ដើម្បីបច្ចប្បន្ន និងអនាគតរបស់កូនចៅជំនាន់ក្រោយ។ ប្រទេសមួយចំនួន ដែលបាននិងកំពុងធ្លាក់ក្នុងសង្គ្រាម ជាគំរូដ៏អាក្រក់សម្រាប់មនុស្សជាតិ។
លោក ថោង ខុន បានថ្លែងយ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់ ប្តេជ្ញាមិននាំកម្ពុជាត្រឡប់ទៅរកសង្គ្រាមវិញឡើយ។ សូមជួយទូរសព្ទប្រាប់បងប្អូងកូនក្មួយ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា កុំឲ្យជឿពាក្យញុះញង់របស់ពួកអគតិ ដែលចង់បង្កើតបដិវត្តពណ៌ បង្កភាពវឹកវរនាំប្រទេសទៅរកសង្គ្រាម»។
ក្រោយកិច្ចសំណេះសំណាលនោះ ប្រជាពលរដ្ឋខ្មែរនៅទីនោះ បានចូលរួមពិសាអាហារសាមគ្គី ដែលរៀបចំឡើងដោយស្ថានទូតខ្មែរ ហើយបានសម្ដែងនូវការសប្បាយរីករាយ គាំទ្រនូវប្រសាសន៍របស់លោករដ្ឋមន្ត្រី ពោលពួកគាត់បានប្តេជ្ញាចូលរួមរក្សាសន្តិភាព ជូនប្រទេសជាតិឲ្យខាងតែបាន៕