(តូក្យូ)៖ បន្ទាប់ពីបញ្ចប់សន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) កាលពី២ថ្ងៃមុនរួចមក លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្តសហការជាមួយដៃគូពាក់ព័ន្ធ បង្កើតព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ឆ្នាំ២០១៧ (Cambodia Festival 2017) នៅចំកណ្ដាលទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីបង្ហាញទៅដល់ប្រជាជន និងទេសចរជប៉ុន ឲ្យយល់ដឹងពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់កម្ពុជា ពិសេសដើម្បីបញ្ជាក់ថា កម្ពុជា-ជប៉ុន កាន់តែមានភាពជិតស្និទ្ធនឹងគ្នាខ្លាំងឡើង។
ពីទីក្រុងតូក្យូ លោករដ្ឋមន្រ្តី ថោង ខុន បានបញ្ជាក់ប្រាប់អង្គភាព Freh News ថា ពិព័រណ៍កម្ពុជា ឆ្នាំ២០១៧ខាងលើ បង្កើតឡើងដើម្បីបង្កើនការផ្សព្វផ្សាយសក្ដានុពល នៃវិស័យទេសចរណ៍របស់កម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍ជប៉ុន ដែលជាទីផ្សារអទិភាពដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលសហការរៀបចំដោយក្រសួងទេសចរណ៍ ជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្រសួងវប្បធម៌ វិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម សមាគមខ្មែរនៅប្រទេសជប៉ុន សមាគមនិស្សិត និងមិត្តជប៉ុន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០១៧។
មួយទៀតសោត គោលបំណងក្នុងការរៀបចំពិព័រណ៍នេះ ក៏ដើម្បីបង្ហាញដល់ប្រជាជនជប៉ុន និងភ្ញៀវទេសចរ បានយល់ដឹងពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់កម្ពុជា តាមរយៈការទស្សនាសិល្បៈ របាំប្រពៃណី ចម្រៀង ពិព័រណ៍ផលិតផលខ្មែរ និងម្ហូបអាហារខ្មែរ ដោយមានវត្តមានចូលរួមពី លោក Hisayuki FUJII អនុរដ្ឋមន្រ្ដីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និងលោក Kenji Kitahashi អភិបាលក្រុង Kitakyushu។
ក្នុងពិធីបើកពិព័រណ៍កម្ពុជា ឆ្នាំ២០១៧នោះ លោករដ្ឋមន្រ្តី ថោង ខុន ថ្លែងយ៉ាងដូច្នេះថា «ព្រឹត្តិការណ៍វប្បធម៌ដ៏ចាប់អារម្មណ៍ និងមានសារៈសំខាន់នេះ ជាការបន្តពង្រឹងមិត្តភាព និងទំនាក់ទំនងកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត»។
លោកបន្តថា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ដែលបានធ្វើការហោះហើរត្រង់រវាងទីក្រុងតូក្យូ និងទីក្រុងភ្នំពេញ បានបន្តជំរុញលំហូរទេសចរ និងពង្រីកការតភ្ជាប់ការប្រាស្រ័យទាក់ទងរវាងប្រជាជនទាំងពីរ។ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជា ជាគោលដៅទេសចរណ៍បៃតង និងស្អាត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ប្រកបដោយភាពទាក់ទាញ និងនិរន្ដភាព ជាមួយការខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍផលិតផលទេសចរណ៍ថ្មី និងការធ្វើឲ្យប្រសើរឡើងគុណភាពសេវាកម្មទេសចរណ៍ ដើម្បីស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះភ្ញៀវទេសចរជប៉ុន ដែលមកទស្សនាកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។
លោកស្រី ជា គឹមថា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានថ្លែងអំណរគុណចំពោះភ្ញៀវដែលចូលរួមពិព័រណ៍កម្ពុជា ដែលមានការសម្ដែងសិល្បៈ របាំ ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរ និងក៏មានការសម្ដែងរបាំវាយស្គរ ដោយក្រុម KOKURA TAIKO ទីក្រុង Kitakyushu ផង។ ស្ដង់ពិព័រណ៍ចំនួន៨០ បានដាក់តាំងបង្ហាញផលិតផល និងម្ហូបអាហារខ្មែរ ដែលភាគច្រើនរៀបចំឡើងដោយសហគមន៍ខ្មែរនៅជប៉ុន ដែលសកម្មភាពព្រឹត្តិការណ៍វប្បធម៌ទាំងនេះ បានឆ្លើយតបនឹងកាជំរុញកំណើនទេសចរមកកម្ពុជា។
លោក Hisayuki FUJII អនុរដ្ឋមន្រ្ដីនៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានបញ្ជាក់ក្នុងពិធីបើកពិព័រណ៍ថា តាមរយៈសន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow) នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ និងពិព័រណ៍កម្ពុជាថ្ងៃនេះ ពិតជាការបន្តរឹតចំណងទំនាក់ទំនងឲ្យកាន់តែរឹងមាំ រវាងប្រជាជនជប៉ុន-កម្ពុជា និងចំពោះឧស្សាហកម្មទេសចរណ៍ បានធ្វើឲ្យប្រជាជនជប៉ុន ស្គាល់តែច្បាស់អំពី ប្រាសាទអង្គរវត្ត សម្រស់ធម្មជាតិនៅកម្ពុជា ក៏ដូចជាប្រពៃណីវប្បធម៌ល្អប្រពៃ និងម្ហូបអាហារខ្មែរ ដែលមានរសជាតិដ៏ឆ្ងាញ់។
ប្រទេសជប៉ុនបានទទួលទេសចរអន្តរជាតិ ជាង២៤លាននាក់ នៅពីឆ្នាំ២០១៦ និងមានគោលបំណងទាក់ទាញទេសចរឲ្យបាន ៤០លាននាក់ នៅឆ្នាំ២០២០។ ការតភ្ជាប់ផ្លូវអាកាសដោយក្រុមហ៊ុនអាកាសចរណ៍ ANA បានផ្ដល់ឱកាសឲ្យប្រជាជនកម្ពូជា-ជប៉ុន ទទួលបទពិសោធន៍ពីការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ។
លោកអភិបាលក្រុង Kenji Kitahashi ដែលជាទីក្រុងមានសម្ព័ន្ធភាពជាមួយរាជធានីភ្នំពេញ និងជាទីក្រុងបានខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការ នៃគម្រោងទឹកស្អាត តាំងពីឆ្នាំ១៩៩៩មក បានចូលរួមក្នុងពីធីបើកពិព័រណ៍ ដោយបានពាំនាំមកនូវរបាំប្រពៃណីវាយស្គររបស់ក្រុម KOKURA TAIKO ទីក្រុង Kitakyushu មកសម្ដែងនៅព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ ព្រមទាំងបានបញ្ជាក់ថា ទីក្រុង Kitakyushu ពិតជាមានចំណាប់អារម្មណ៍ និងទទួលបានការផ្លាស់ប្ដូរវប្បធម៌មួយ គួរជាទីមោទនៈ។
លោក Hiranukma Takeo ប្រធានសមាគមមិត្តភាពជប៉ុន-កម្ពុជា បានផ្ញើសារអបអរសាទរនាឱកាសពិព័រណ៍កម្ពុជា ឆ្នាំ២០១៧ ដែលបានទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ នៅឧទ្យាន Yoyogi។ លោកក៏សង្ឃឹមដែរថា ពិព័រណ៍កម្ពុជានឹងជាឱកាសឲ្យប្រជាជនជប៉ុនទទួលបទពិសោធន៍ និងស្គាល់ពីអរិយធម៌បេតិកភណ្ឌ និងសិល្បៈប្រពៃណីដ៏ផូរផង់របស់ខ្មែរ។
លោក ថោង ខុន ក៏បានសម្ដែងនូវសេចក្តីរំភើបសប្បាយរីករាយឥតឧបមា ដោយបានឃើញពិព័រណ័នេះទទួលបានជោគជ័យ មានការចូលរួមពីមនុស្សរាប់ម៉ឺននាក់ ពិសេសបានឃើញប្រជាពលរដ្ឋខ្មែរ ដែលរស់នៅបរទេសចេះសហការសាមគ្គីគ្នា ស្រឡាញ់គ្នា រក្សាបាននូវវប្បធម៌ទំនៀមទម្លាប់ប្រពៃណីជាតិ ចេះធ្វើម្ហូបខ្មែរដ៏ឆ្ងាញ់ពិសា និងផលិតផលសិប្បកម្មមកដាក់តាំងលក់ ហើយដែលទទួលបានការពេញចិត្តពីប្រជាជនជប៉ុន។
លោករដ្ឋមន្រ្តីក៏បានអរគុណ ចំពោះតារាងចម្រៀងដ៏ល្បីរបស់កម្ពជា គឺលោក ព្រាប សុវត្ថិ និងអ្នកនាង ម៉េង កែវពេជ្រចិន្តា ព្រមទាំងសកម្មភាពចូលរួមដោយស្ម័គ្រចិត្តរបស់ក្រុមទូរទស្សន៍ CNC ផងដែរ។
គួរបញ្ជាក់ថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិ ជាង៥លាននាក់ កើនឡើង ៥% ក្នុងនោះទេសចរជប៉ុនមាន ជិត២០ម៉ឺននាក់ ជាមួយគ្នានេះដែរ ទេសចរកម្ពុជាក៏បានធ្វើដំណើរទៅប្រទេសជប៉ុន ជាង១២,០០០នាក់។ ក្នុងរយៈពេល២ខែដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១.៣លាននាក់ ក្នុងនោះទេសចរជប៉ុនមកទស្សនាកម្ពុជាមាន ជាង៤ម៉ឺននាក់ កើនឡើង ១៤.១%។ នៅឆ្នាំ២០២០ កម្ពុជារំពឹងថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ហើយកម្ពុជាក៏រំពឹងថា នឹងទទួលបានទេសចរជប៉ុនប្រមាណ ៣៥ម៉ឺននាក់ផងដែរ៕