(វ៉ាស៊ីនតោន)៖ ខណៈប្រជាជនអាមេរិកភាគច្រើនចាត់ទុកថា លោក គីម ជុងអ៊ុន គឺជា «បិសាច» ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បែរជានិយាយជាសាធារណៈថាលោកមានបំណងចង់ជួប មេដឹកនាំកូរ៉េខាងជើងវ័យក្មេងចិត្តឆៅរូបនេះទៅវិញ។ នេះអាចមកពីលោក ត្រាំ មើលឃើញ ថាគោលនយោបាយដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធ គ្មានប្រសិទ្ធិភាពឡើយ ក្រៅតែពីជំរុញឱ្យទីក្រុងព្យុងយ៉ាង បង្កើនសន្ទុះអភិវឌ្ឍមីស៊ីលឆ្លងទ្វីប និងអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ។ នេះបើតាមសារព័ត៌មានអាមេរិក The National Interest។
លោក Jacob Heilbrun និពន្ធនាយក The National Interest ការចង់បានសម្បទានពីកូរ៉េខាងជើង តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬក៏សម្ពាធគឺជាកំហុសមួយដ៏ធំរបស់រដ្ឋាភិបាលអាមេរិក ត្បិតការធ្វើបែបនេះនឹងធ្វើឱ្យទីក្រុង ព្យុងយ៉ាង កាន់តែច្បាស់នៅក្នុងចិត្តថា បើមិនចង់មានជោគវាសនាដូចលីប៊ី និងអ៊ីរ៉ាក់ ខ្លួនត្រូវតែមានអាវុធនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបជាដាច់ខាត ដើម្បីមានទឹកមាត់ប្រៃនិយាយជាមួយទីក្រុងវ៉ាស៊ីនតោន ឬទប់ទល់ការឈ្លានពាន នៅថ្ងៃ ណាមួយ។
លោក Heilbrun បានបន្តទៀតថា ដើម្បីបន្ធូរបន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ លោក ដូណាល់ ត្រាំ មិនអាចប្រើប្រាស់កម្លំាងយោធា ឬក៏ការដាក់សម្ពាធ ដូចបច្ចុប្បន្នទៀតនោះទេ ពោលគឺលោកគួរតែគិតគូរឱ្យបានវែងឆ្ងាយទាក់ទិន នឹងការបង្កើតទំនាក់ទំនង ជាមួយកូរ៉េខាងជើង ឬក៏អាចនិយាយម្យ៉ាងទៀតបានថា លោក ត្រាំ គួរតែរៀបចំកម្រាលព្រំក្រហមទទួល លោក គីម ជុងអ៊ុន ដោយយកគម្រូ តាមអតីតមេដឹកនាំសហភាពសូវៀត លោក Nikita Khrouchtchev ដែលបានបំពេញដំណើរទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំ១៩៥៩ ចំពេល ទីក្រុងម៉ូស្គូនិង ទីក្រុងវ៉ាស៊ីនតោន មានភាពតានតឹងនឹងគ្នា លើសពេល ណាៗទំាងអស់ក្នុងសម័យសង្រ្គាមត្រជាក់។
តែទោះបីជាយ៉ាងនេះក្ដី សូម្បីតែសេតវិមាន ក៏បានទទួលស្គាល់រួចហើយដែរថា ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងមិនអាចកើតឡើងក្នុងពេលឆាប់ៗនេះទេ។ លើសពីនេះទៅទៀត ផ្អែកលើស្ថានភាពបច្ចុប្បន្ន ជំនួបនេះក៏ទំនងជានឹងមិនអាចកើតឡើងដែរ ខណៈទីក្រុងព្យុងយ៉ាង យល់ថាសហរដ្ឋអាមេរិក នៅតែចិញ្ចឹមចិត្តឈ្លានពានខ្លួនគ្រប់ពេលវេលា នៅក្នុងបរិបទដែលកងទ័ពអាមេរិករាប់ម៉ឺននាក់ កំពុងឈរជើងនៅកូរ៉េខាងត្បូងនិងជប៉ុន៕