(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូន អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិស្ដារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង ចំនួន១១៤នាក់ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនចំពោះបង-ប្អូនដែលកំពុងសម្រាកព្យាបាលនៅទីនេះ ហើយជូនពរឲ្យពួកគាត់ទាំងអស់គ្នាបានឆាប់ជាសះស្បើយពីជំងឺ ស្ថិតក្រោមការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ។
លោកស្រី អគ្គលេខាធិការ បានថ្លែងអំណរគុណដល់លោក Dr. Jim Gollogly ជានាយកអង្គការផ្នែកវះកាត់កុមារ ជាពិសេស លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកក្នុងមជ្ឈមណ្ឌលទាំងអស់ សូមមានសុខភាពល្អ និងបន្តជួយព្យាបាលដល់ប្រជាពលរដ្ឋខ្មែរជាបន្តទៀត។
កាកបាទក្រហមកម្ពុជា បានជួយសម្រាលជីវភាពខ្វះខាតដល់អ្នកជំងឺទាំង១១៤នាក់ ដែលកំពុងសម្រាកព្យាបាលដោយក្នុងម្នាក់ៗទទួលបាននូវអំណោយមនុស្សធម៌រួមមាន៖ មី១កេស ត្រីខ១០កំប៉ុង ទឹកដោះគោឆៅ១២កំប៉ុង ស្ករស១គីឡូក្រាម សារុង១ មុង១ ភួយ១ ក្រមា១ និងថវិកាមួយចំនួនផងដែរ។
សូមបញ្ជាក់ថា៖ មជ្ឈមណ្ឌលនេះ ព្យាបាលជំងឺដោយមនយកថវិកា និងផ្តល់កន្លែងសម្រាប់ស្នាក់នៅ ព្រមទាំងផ្តល់អាហារជូនថែមទៀតផង៕