Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ដល់សិល្បករ ឈ្មោះ ឆន ថាណន់ ដែលមានទុក្ខផ្ទួនៗគ្នា

03-05-2017 20:16

(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នារសៀលថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានជួយឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនលោក ឆន ថាណន់ ជាតន្ត្រីករ និងជាម្ចាស់បទ “ជីវិតក្មេងកំព្រា” ដែលមានទុក្ខផ្ទួនៗគ្នា ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពីប្រពន្ធទើបស្លាប់បាន ២ខែ ដោយសារជំងឺមហារីក បច្ចុប្បន្នរូបលោកផ្ទាល់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើនូវការសួរសុខទុក្ខ ក្តីអាណិតអាសូរ ចំពោះលោក ឆន ថាណន់ ដែលបានជួបឧបទ្ទវហេតុដ៏អាក្រក់នេះ និងជូនពរឆាប់ជាសះស្បើយ បានវិលត្រឡប់ទៅ បំពេញការងារដូចដើមវិញ។

បងស្រីបង្កើតរបស់ លោក ឆន ថាណន់ ដែល មកទទួលអំណោយ បានសំដែងក្តីរំភើបដោយនឹកស្មានដល់ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ និងគិតគូរជួយសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារគាត់ ហើយសូមជូនពរដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពល្អ កម្លាំងមាំមួន អាយុយ៉ឺនយូរ ដើម្បីនៅជាម្លប់ និងផ្តល់ភាពកក់ក្តៅ ដល់ប្រជាជនរងគ្រោះគ្រប់ៗគ្នា៕