(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ បានបន្ដត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិនីហ្សេរីយ៉ាចំនួន៦០នាក់ ចូលមកធ្វើការដោយគ្មានលិខិតឆ្លងដែន និងសៀវភៅការងារ ស្ថិតនៅភូមិគ្រឹះមហាលាភ ផ្ទះលេខBis ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះក្រោមការដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន និងក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រោយត្រួតពិនិត្យមានជនបរទេសចំនួន៦០នាក់ (ប្រុស) ជនជាតិនីហ្សេរីយ៉ា គ្មានឯកសារត្រឹមត្រូវ បានលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
សម្រាប់ជនជាតិនីហ្សេរីយ៉ាទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់៕