(ព្រះសីហនុ)៖ រោងចក្រចម្រាញ់ប្រេងកាត ដែលគ្រោងចំណាយថវិកាសម្រាប់ការសាងសង់ ក្នុងដំណាក់កាលទី១ រហូតទៅដល់៦២០លានដុល្លារ ហើយមានសមត្ថភាពផលិតបាន ២លានតោនក្នុងមួយឆ្នាំ និងបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៧ ស្អែកនេះ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីបញ្ចុះបឋមសិលា បើកការដ្ឋាសាងសង់រោងចក្រចម្រាញ់ប្រេងកាតដ៏ធំមួយនេះ នឹងធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៣ ខែឧសភានេះ បានឲ្យដឹងថា ការងារសាងសង់រោងចក្រចម្រាញ់ប្រេងកាត់ធំមួយនេះ ត្រូវបានប្រគល់ជូនក្រុមហ៊ុនចិន ដើម្បីអនុវត្ត គឺមានឈ្មោះថា «SINO GREAT WALL INTERNATIONAL ENGINEERING Co,.Ltd។ ក្រោយក្រុមហ៊ុនផលិតបានថាមពល មិនត្រឹមតែផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកនោះទេ ប៉ុន្តែនឹងត្រូវលក់ផ្គត់ផ្គង់ សម្រាប់ទីផ្សារអន្តរជាតិទៀតផង ដែលផលិតផលចេញពីរោងចក្រនេះ មានប្រេងសាំង ប្រេងម៉ាស៊ូត និងហ្គាស។

របាយការណ៍របស់ក្រសួងរ៉ែ បានបង្ហាញទៀតថា ដំណើរការសាងសង់រោងចក្រក្នុងដំណាក់កាលទី១ និងបញ្ចប់នាពាក់កណ្ដាលឆ្នាំ២០១៩ ហើយដំណាក់កាលទី២ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២២ ជាមួយទុនវិនិយោគ១ពាន់លានដុល្លារ ហើយមានសមត្ថភាពផលិតបាន ៣លានតោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។

បើយោងតាមលទ្ធផលនៃការសិក្សា ដែលបង្ហាញដោយក្រសួងរ៉ែ បានបញ្ជាក់ថា នៅឆ្នាំ២០១៥ កម្ពុជាបានប្រើប្រាស់ប្រេងឥន្ទនៈ ១.៨លានតោន កើនឡើង ៦.៧% បើប្រៀបធៀបនឹងឆ្នាំ២០១៤ ក្នងនោះប្រេងម៉ស៊ូតកើន ៨.៣% ប្រេងសាំងកើន ៥.៦% និងឧស្ម័នឥន្ធនៈកើន ៦% ដែលឆ្លុះបញ្ចាំងឲ្យឃើញថា តម្រូវការប្រើប្រាស់ប្រេងឥន្ធនៈ នឹងបន្តកើនឡើងនៅឆ្នាំបន្ទាប់ទៀត ជាមួយនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

របាយការណ៍ដដែលនេះ ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន កម្ពុជានាំចូលប្រេង និងឧស្ម័នឥន្ធនៈពីបរទេស ១០០% តាមរយៈក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ចំនួន១៤ ដើម្បីលក់ និងចែកចាយទូទាំងប្រទេស៕