(ភ្នំពេញ)៖ ប្រទេសកម្ពុជា ជាប្រទេសដែលមានអច្ឆរិយវត្ថុល្បីល្បាញជាច្រើន ដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារជាដើម ប៉ុន្តែសក្តានុពលទេសចរណ៍តែមួយមុខនេះ មិនទាន់គ្រប់គ្រាន់នោះទេ ពោលកម្ពុជាត្រូវមានស្ដង់ដារសេវាកម្មរបស់ខ្លួន ស្របតាមស្ដង់ដារអន្តរជាតិ និងពង្រឹងការងារជាច្រើនបន្ថែមទៀត ដើម្បីប្រកួតប្រជែងស្នាដៃជាមួយប្រទេសនានា ក្នុងតំបន់ និងក្រៅតំបន់។

ជាក់ស្ដែងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងទេសចរណ៍ បានបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលមួយចំនួន មកពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងផ្នែកឯកជន ពីនីតិវិធី និងយន្តការនៃការអនុវត្ត «ស្ដង់ដារ MICE កម្ពុជា និងស្ដង់ដារ MICE អាស៊ាន ប្រភេទបន្ទប់ប្រជុំ» ដើម្បីពង្រឹងគុណភាពសេវាកម្ម និងការងារពាក់ព័ន្ធក្នុងសាលប្រជុំ តាមសណ្ឋាគារ ភោជនីយដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅកម្ពុជា ក្រោមអធិបតីភាព លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

លោក តុប សុភ័ក បានពន្យល់ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោលបំណងធ្វើការណែនាំដល់មន្រ្តីបង្គោលនៅតាមមន្ទីរទេសចរណ៍ អំពីការរៀបចំសេវាកម្មបន្ទប់ប្រជុំ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ឲ្យស្របតាមស្តង់ដាអាស៊ាន បង្កើតភាពជឿជាក់ទៅដល់អ្នករៀបចំកម្មវិធីសន្និសីទ ឬអ្នកប្រើប្រាស់នូវសេវាកម្ម ទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីទទួលបានគុណភាព និងសេវាកម្ម ដែលមានលក្ខណៈស្ដង់ដារ និងលើកទឹកចិត្តដល់ប្រតិបត្តិករទាំងឡាយណា ដែលបានរៀបចំកម្មវិធីសន្និសីទ ដើម្បីទទួលបាននូវភាពខ្លាំងនៃសេវាកម្ម ក៏ដូចជាអាចធ្វើការប្រកួតប្រជែង នៅក្នុងទីផ្សារសកល និងតំបន់នៃសហគមន៍អាស៊ានផងដែរ។

លោក តុប សុភ័ក បានណែនាំឲ្យមន្រ្តីបង្គោលដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដល់មូលដ្ឋានអាជីវកម្មដែលផ្តល់ជូនសេវាបន្ទប់ប្រជុំ ដើម្បីត្រៀមចូលរួមការប្រឡងប្រណាំងស្តង់ដា MICE អាស៊ាន ដែលគ្រោងចែកជ័យលាភីលើកទី១ នាឆ្នាំ២០១៨ នៅប្រទេសថៃ៕