(ភ្នំពេញ)៖ ក្រោយរងការចោទប្រកាន់ និងការចេញផ្សាយពីបណ្ដាញសារព័ត៌មានក្នុងស្រុកថា ស្រ្តីម្នាក់ដែលពុំស្គាល់ពីអត្តសញ្ញាណ បានធ្វើរបងព័ទ្ធ រំលោភយកដី របស់ប្រជាពលរដ្ឋចំនួន៨គ្រួសារ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧កន្លងទៅ ស្ថិតលើដីឡូត៍មួយកន្លែង តាមបណ្ដោយផ្លូវ៥៩៨ កែងផ្លូវលំលេខ១៨០៨ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រហូតត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះទៅទប់ស្កាត់ និងដកហូតរបងស័ង្កសីទាំងនោះ យកមករក្សាទុកនៅសាលាខណ្ឌឫស្សីកែវនោះ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ អ្នកស្រី សេក សុភ័ក្រសឿម៉ូនា ដែលជាម្ចាស់ដីពិតប្រាកដ បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងនេះ។
អ្នកស្រី បានប្រាប់ភ្នាក់ងារ Fresh News បានអះអាងថា អ្នកស្រីមិនបានប្លន់រំលោភយកដី របស់បុគ្គលណាម្នាក់ឡើយ ហើយការធ្វើរបងព័ទ្ធជុំវិញដី ក៏មិនមែនខុសច្បាប់ដែរ ព្រោះជាដីឡូត៍របស់លោក គង់ ទី បានប្រគល់សិទ្ធិមកឲ្យអ្នកស្រី ជាអ្នកទទួលខុសត្រូវ ហើយការធ្វើរបងព័ទ្ធដីនេះ ក៏ព្រោះតែមានឈ្មួញកណ្ដាល បានដឹកយកសម្ភារផ្សេងៗ មកស្តុបទុកលើដីឡូត៍នេះ ដើម្បីធ្វើរបងព័ទ្ធជុំវិញទាំង គ្មានការបង្កើតគណៈកម្មការចម្រុះ ពីអាជ្ញាធរដែលពាក់ព័ន្ធ ក្នុងការចុះអនុវត្តវាស់វែង កំណត់ព្រំដីច្បាស់លាស់នៅឡើយទេ។
អ្នកស្រី សេក សុភ័ក្រសឿម៉ូនា បានបញ្ជាក់ថា អ្នកស្រីមិនអាចទទួលស្គាល់បានឡើយ ចំពោះការចោទប្រកាន់ពីសំណាក់ពលរដ្ឋ ជាឈ្មួញកណ្ដាលរកស៊ីទិញ-លក់ដីទាំង៨គ្រួសារដែលថា អ្នកស្រីបានប្លន់រំលោភព័ទ្ធយកដីរបស់ពួកគេនោះ «ក៏មិនមែនជាការពិតដែរ»។ ចំពោះដីឡូត៍ដែលកំពុងមានទំនាស់ ក៏មិនមែនជាកម្មសិទ្ធិរបស់ឈ្មួញទាំង៨គ្រួសារនោះឡើយ។ ផ្ទុយទៅវិញ គឺជាដីរបស់អ្នកស្រី ដែលទទួលបានសិទ្ធិកាន់កាប់បន្តពីឈ្មោះ គង់ ទី និងមានឯកសារត្រឹមត្រូវស្របច្បាប់» តែអ្នកស្រីក៏មានការងើយឆ្ងល់ផងដែរថា «ហេតុអីក៏មានការផ្ទេរផ្ទូរឈ្មោះ សៀង រតនា ឲ្យទៅឈ្មោះ តុង ហុកសេង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ មុនទទួលបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ហើយជាន់ចំក្បាលដីឡូត៍លេខ៤៤ និង៤៦ ដែលជាដីរបស់អ្នកស្រីទៅវិញ ខណៈដែលអ្នកស្រីបានបន្តកាន់កាប់ និងអាស្រ័យផលមានទាំងដំណាំហូបផ្លែលើដីឡូត៍នេះ រយៈពេលជាង២០មកហើយ ដោយមានទាំងការទទួលស្គាល់ ពីអាជ្ញាធរសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្រោយទទួលបានសេចក្ដីសម្រេចពី ឧបនាយករដ្ឋមន្ត្រីប្រចាំការលោក ប៊ិន ឈិន និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី តាមដីឡូត៍នីមួយៗ ក្នុងការទន្ទឹងរង់ចាំដូចៗគ្នា ថ្ងៃដែលបង្កើតគណៈកម្មការចម្រុះចុះវាស់វែងកំណត់ព្រំដីប៉ុណ្ណោះទេ។
អ្នកស្រី សេក សុភក្រ័សឿម៉ូនា បានបញ្ជាក់ទៀតថា ព្រោះតែរឿងទំនាស់ដីធ្លី កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ អ្នកស្រីក៏បានបញ្ចប់រឿងដីទាំងមុខ និងទាំងក្រោយម្ដងរួចទៅហើយ ជាមួយលោក បាន ម៉េងទូច ដោយចំណាយអស់ថវិកាជាច្រើន ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក៏កើតមានរឿងរ៉ាវម្ដងទៀត ក៏ព្រោះតែអ្នកស្រីឃើញប្រជាពលរដ្ឋ ជាឈ្មួញកណ្ដាលរកស៊ីទិញ-លក់ដី បានដឹកសម្ភារមកស្តុបទុកធ្វើរបងលើដីឡូត៍ របស់អ្នកស្រី ទើបអ្នកស្រីសម្រេចធ្វើរបងតែម្ដងទៅ ដោយខ្លាចក្រែងបាត់បង់ដី។
ជាមួយគ្នានោះ អ្នកស្រី ក៏សូមធ្វើការបកស្រាយបំភ្លឺឡើងវិញជុំវិញករណីនេះផងដែរ ដោយធ្វើការរៀបរាប់លម្អិតពីប្រវត្តដីខាងលើ ដែលកំពុងមានទំនាស់តាមឯកសារ ដែលមានស្រាប់ជាយូរឆ្នាំមកហើយយ៉ាងដូច្នេះថា ជាក់ស្ដែងចំពោះដីឡូត៍កំពុងមានទំនាស់ខាងលើ នៅក្នុងអំឡុងឆ្នាំ១៩៩៧ គឺជាការកាន់កាប់របស់លោក គង់ ទី អាយុ៦២ឆ្នាំ មុខរបរជាមន្ត្រីក្រសួងសុខាភិបាលចូលនិវត្តន៍ មានអាសយដ្ឋាន បច្ចុប្បន្ននៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ហើយបានឯកភាពគ្នាជាមួយសមាជិកចំនួន៧គ្រួសារទៀត ដើម្បីទិញដីឡូត៍នេះពីឈ្មោះ គង់ ឈួន អាយុ៤៧ឆ្នាំ មានភរិយាឈ្មោះ នៅ ណុទ និងមានសមាជិក ក្នុងគ្រួសារ៩នាក់ មានទីលំនៅផ្ទះលេខ១២០ ស្ថិតក្នុងក្រុមទី៣ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានទំហំដី«៧.៦៧០ម៉ែត្រការ៉េ» មានទទឹង៦៥ម៉ែត្រ រួមនិងបណ្ដោយ១១៨ម៉ែត្រ ស្ថិតក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ មានទាំងលិខិតស្នាមជាច្រើន ដែលពាក់ព័ន្ធដូចជា ៖ទី១-មានបង្កាន់ដៃទទួលពាក្យកាន់កាប់ដីរបស់លោក គង់ ឈួន លេខ១៥៦៧ ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៩ របស់សាលាខណ្ឌឫស្សីកែវ ទី២-បង្កាន់ដៃទទួលពាក្យកាន់កាប់ដីរបស់លោក គង់ ទី (បង្កាន់ដៃចាស់លោក គង់ ឈួន)លេខ៩០ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០០១ ទី៣-លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីលេខ១០៧៣ល.ប ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៧ របស់សាលាខណ្ឌឫស្សីកែវពី ឈ្មោះ គង់ ឈួន ទៅឲ្យឈ្មោះ គង់ ទី ទី៣-កំណត់ហេតុស្ដីពីការចុះពិនិត្យដីធ្លីរបស់ឈ្មោះ គង់ ឈួន លេខ៣៣៣៨/៩៧ ល.ប ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៧ របស់ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ទី៥-លិខិតបញ្ជាក់ប្រវត្តដីរបស់លោក គង់ ទី លេខ២០៥ ល.ប ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០០៤ របស់ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ទី៦-មានកិច្ចសន្យារបស់លោក គង់ ទី និងភរិយាឈ្មោះ ហូយ សាំងគីម ដែលបានកាន់កាប់បន្តពីលោក គង់ ឈួន ហើយសន្យានិងបំពេញបែបបទសុំ កាន់កាប់ស្របច្បាប់ទៅថ្ងៃក្រោយ។
បញ្ជាក់ដោយលោកចៅសង្កាត់គីឡូម៉ែត្រលេខ៦ លេខ៣៣៦/៩៧ ល.ប ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៧។ ម្យ៉ាងទៀតក្រោយពីលោក គង់ ទី បានបន្តកាន់កាប់ និងដាំតំណាំលើដីរហូតមានផ្លែផ្កា មកដល់ថ្ងៃទី១១ ខែធ្នូ ក្នុងឆ្នាំ២០១៣ ស្រាប់តែឃើញមានសេចក្ដីជូនដំណឹងមួយ របស់សាលារាជធានីភ្នំពេញ ដោយយោងតាមលិខិតលេខ៦៥ សជណ.ស ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០០០ របស់សាលារាជធានីភ្នំពេញ និងលិខិតលេខ០៣០/១៣ លស.អជដ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ របស់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
ដោយក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា សូមឲ្យប្រជាពលរដ្ឋដែលមានដីក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវទាំងអស់ ស្របពេលដែលក្រុមការងារ ចម្រុះកំពុងពិនិត្យដោះស្រាយទំនាស់ដីធ្លីតំបន់នេះ ដែលមានទីតាំងស្ថិតនៅ ភូមិទួលគោក សង្កាត់ទួលសង្កែ និងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ និងដើម្បីការពារផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋ ដែលមានដីពាក់ព័ន្ធបញ្ហាទំនាស់ត្រូវបានហាមឃាត់ការជីក និងចាក់បំពេញដី ការសាងសង់ថ្មី ការសាងសង់បន្ថែម ការលក់-ទិញដី ការផ្ទេរសិទ្ធិដីធ្លី ដែលកំពុងមានទំនាស់ នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវជាដាច់ខាត។ ដោយរង់ចាំរហូតដល់ការដោះស្រាយទំនាស់ត្រូវបានបញ្ចប់។
ម្យ៉ាងទៀត ក៏ព្រោះតែការទន្ទឹងរង់ចាំបានអូសបន្លាយពេលវេលាកាន់តែយូទៅៗ លុះមកដល់អំឡុងឆ្នាំ២០១៦ លោក គង់ ទី បានធ្វើលិខិតស្នើសុំមួយ ដោយគោរពជូនទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសំណើរសុំប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនៈវត្ថុ និងសិទ្ធិគ្រប់គ្រងដីចំនួន២កន្លែង ក្នុងនោះមានមួយកន្លែងខាងលើ ដែលកំពុងមានទំនាស់ដ៍រ៉ាំរ៉ៃសព្វថ្ងៃនេះ។ ចំពោះសំណើរដែលគោរពជូនសម្ដេចតេជោ បានឆ្លើយតបមកវិញយ៉ាងឆាប់ហ័ស តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ បានចេញលិខិតជម្រាបមកមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដើម្បីឲ្យពិនិត្យមើលលើករណីដីឡូត៍របស់លោក គង់ ទី បានស្នើសុំធ្វើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនៈវត្ថុ និងសិទ្ធិគ្រប់គ្រងដីចំនួន២កន្លែង ដោយអះអាងថា បានទិញដីនេះពីឈ្មោះ កៅ ស៊ីម និងឈ្មោះ គង់ ឈួន ដែលមានលិខិតផ្ទេរសិទ្ធិត្រឹមត្រូវ មានការទទួលស្គាល់ពីអាជ្ញាធរដែនដី និងបានដាំដុះតំណាំហូបផ្លែផ្សេងៗ។ អ្វីគួរកត់សម្គាល់នោះ រឿងដីធ្លីទំនាស់នេះដែរ ត្រូវបានអូសបន្លាយពេលវេលាកាន់តែយូខែឆ្នាំទើបលោក គង់ ទី បានធ្វើលិខិតមួយច្បាប់ ដើម្បីប្រគល់សិទ្ធិជូនលោកស្រី សេក សុភ័ក្រសឿម៉ូនា អាយុ៤៥ឆ្នាំ មានអាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ៦៣០ប៉េអឺ១ ផ្លូវលេខ១២៩ ស្ថិតក្នុងភូមិ៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីឲ្យលោកស្រីបន្តដោះស្រាយដីធ្លី ដែលមានទីតាំងបច្ចុប្បន្ន ស្ថិតនៅភូមិទួលពពែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ «ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ» និងដោយសារលោកស្រី មានភាគហ៊ុនក្នុងការទិញដីទាំង២កន្លែងខាងលើនេះ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ ហើយលោកស្រីក៍បានបន្តកាន់កាប់ស្នាក់អាស្រ័យផលជាដំណាំហូបផ្លែលើដីនេះរហូតទទួលបានផ្លែផ្កាមកទល់បច្ចុប្បន្នតែម្ដង។ ហើយក៍មិនបានធ្វើរបងព័ទ្ធជុំវិញដីនេះឡើយ ក៍ព្រោះតែត្រូវរង់ចាំការចុះដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ ក្នុងការបង្កើតគណៈកម្មការចម្រុះសិន ដើម្បីចុះអនុវត្តវាស់វែងកំណត់ព្រុំ តាមក្បាលដីឡូត៍នីមួយៗទើបអាចចូលទៅកាន់កាប់ទាំងស្របច្បាប់បាន។
លើសពីនេះលោកស្រី សេក សុភ័ក្រសឿម៉ូនា ក៏សូមអំពាវយ៉ាងទទូច ដោយជម្រាបមកអាជ្ញាធរពាក់ព័ន្ធទាំងអស់ អាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌឫស្សីកែវ ហើយជាពិសេសឧបនាយករដ្ឋមន្ត្រីប្រចាំការលោក ប៊ិន ឈិន និងជាប្រធានអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី សូមមេត្តាជួយពិនិត្យ និងជួយដោះស្រាយសម្របសម្រួលលើបញ្ហានេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងដោយក្ដីអនុគ្រោះ ដោយស្របតាមការស្នើរបស់ប្រជាពលរដ្ឋ ក្នុងមូលហេតុថា រឿងជម្លោះដីធ្លីដ៍រ៉ាំរ៉ៃមួយនេះ បានអូសបន្លាយពេលវេលាជាយូមកហើយ «ពោលដល់ទៅជាង២០ឆ្នាំឯណោះ» ហើយក៏ព្រោះតែការទន្ទឹងរង់ចាំថ្ងៃបង្កើតគណៈកម្មការចម្រុះ ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ ក្នុងការចុះអនុវត្តវាស់វែងកំណត់ព្រំដី ដើម្បីចូលកាន់កាប់តាមក្បាលដីឡូត៍នីមួយៗ ខណៈដែលបច្ចុប្បន្ននេះ មានប្រជាពលរដ្ឋមួយចំនួនតូច បាននិងកំពុងភិតភ័យខ្លាចក្រែងបាត់បង់ដីរបស់ខ្លួនក៏ព្រោះតែជម្លោះ។
ដោយឡែកលោក ទី រ៉ាប៉ុក តំណាងប្រជាពលរដ្ឋទាំង៨គ្រួសារ ដែលកំពុងមានបញ្ហាទំនាស់រឿងដីឡូត៍ខាងលើ ជាមួយលោកស្រី សេក សុភ័ក្រសឿម៉ូនា ក៏បានថ្លែងប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ ឲ្យដឹងផងដែរថា ទម្រាំពួកគាត់ទទួលបានសេចក្ដីសម្រេចរបស់ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដើម្បីចូលទៅកាន់កាប់តាមក្បាលដីឡូត៍នីមួយៗរបស់ខ្លួន ពីលោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន គឺមានទំនាស់ដ៏រ៉ាំរ៉ៃ រយៈពេលជិត៣០ឆ្នាំ មកហើយដោយក្នុង១គ្រួសារទទួលបានដី២០ម៉ែត្រគុណ៣០ម៉ែត្រ និងមានតែ២គ្រួសារប៉ុណ្ណោះ ដែលទទួលបានបណ្ណកម្មសិទ្ធិ ក្នុងឆ្នាំ២០០៤-២០០៦ និង៦គ្រួសារទៀត ទទួលបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ដោយសព្វថ្ងៃនេះ កំពុងរង់ចាំការបង្កើតគណៈកម្មការពីអាជ្ញាធរ ដើម្បីចុះវាស់វែងកំណត់ព្រុំដីប៉ុណ្ណោះ ទើបអាចចូលកាន់កាប់តាមដីឡូត៍នីមួយៗបានស្របច្បាប់។
តំណាងពលរដ្ឋទាំង៨គ្រួសារ លោក ទី រ៉ាប៉ុក បានលើកឡើងថា បើទោះបីបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក៏ពិតមែន តែរហូតមកទល់បច្ចុប្បន្ននេះ ពួកគាត់នៅមិនអាចចូលទៅកាន់កាប់ ស្នាក់អាស្រ័យផលលើដីរបស់ខ្លួនបាននោះទេ ពោលមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិដីធ្លី នៅឡើយ ដោយសារតែការទន្ទឹងរង់ចាំ ការដោះស្រាយបានអូសបន្លាយពេលវេលាពីមួយខែទៅមួយខែ។
លើសពីនេះ លោក បាន ម៉េង ទូច បានបញ្ជាក់ផងដែរថា រឿងដីទំនាស់ខាងលើនេះ មិនមានពាក់ព័ន្ធជាមួយលោកឡើយ ហើយរឿងលោកស្រី សេក សុភ័ក្រសឿម៉ូនា អះអាងថា បានបញ្ចប់រឿងជាមួយលោកនោះ ក៏ពុំទាន់ត្រឹមត្រូវដែរ ព្រោះលោកត្រឹមឈ្មួញកណ្ដាលប៉ុណ្ណោះ មានតែឲ្យអ្នកទិញ និងលក់ជួបគ្នា គឺត្រូវបានបញ្ចប់រឿងហើយ។
ពាក់ព័ន្ធការបកស្រាយ ក៏ដូចជាបំភ្លឺឡើងវិញរបស់លោកស្រី សេក សុភ័ក្រសឿម៉ូនា រវាងតំណាងពលរដ្ឋទាំង៨គ្រួសារលោក ទី រ៉ាប៉ុក និងការលើកឡើងរបស់លោក បាន ម៉េងទូច ជាឈ្មួញកណ្ដាល នៅល្ងាចថ្ងៃខែឆ្នាំដដែលនេះត្រូវបានលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋ ទទួលបានសេចក្ដីសម្រេចពីអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ មានពលរដ្ឋមួយចំនួនទទួលបានប័ណ្ណកម្មសិទ្ធិ ក្នុងចំណោមពលរដ្ឋជាង៨០គ្រួសារ ដោយរង់ចាំតែការបង្កើតគណៈកម្មការចម្រុះ ដើម្បីចុះវាស់វែងកំណត់ព្រុំដីប៉ុណ្ណោះទេ បន្ទាប់ពីជម្លោះត្រូវបានដោះស្រាយបញ្ចប់ រួមនិងការផ្ទេរសិទ្ធិដីធ្លីក្នុងអំឡុង ដែលក្រុមការងារចម្រុះ កំពុងបន្តដោះស្រាយជម្លោះដីក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវនេះ ក៍មិនមានអ្វីខុសឆ្គងដែរ ដោយយោងតាមលិខិតរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ រាជធានីភ្នំពេញ និងតាមការបែងចែកដីរបស់សាលារាជធានី ហើយលោកបាននិងកំពុងស្រាវជ្រាវរកឯកសារ ដើម្បីបង្ហាញជូនផងដែរជាសវាងការយល់ច្រឡំ៕