(ភ្នំពេញ)៖ ក្រោយពេលប្រជុំពិនិត្យចំពោះសំណើមកពីមូលដ្ឋាន រយៈពេល១ថ្ងៃ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ជាលទ្ធផល គណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានសម្រេចមិនស្នើសុំឱ្យមានការលើកលែងទោស ដល់ទណ្ឌិតនោះទេ សម្រាប់បុណ្យពិសាខបូជាឆ្នាំនោះទេ គឺមានតែការស្នើបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន សរុប៣៥នាក់ (ស្រ្តី៣នាក់)ប៉ុណ្ណោះ។ នេះបើតាមលោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌។
លោក គឹម សន្តិភាព បានថ្លែងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិ ពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការជាតិ ដើម្បីពិនិត្យលើសំណើរបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ទណ្ឌិតសរុប២៧៤នាក់ (ស្រ្តី២៣នាក់) ពីពន្ធនាគាររាជធានី-ខេត្ត ចំនួន១៥ និងមណ្ឌលអប់រំកែប្រែចំនួន៤ ក្នុងឱកាសបុណ្យពិសាខបូជាខាងមុខនេះ។
លោកបានបន្ថែមថា «ជាលទ្ធផល ក្រោយកិច្ចប្រជុំ គណៈកម្មការថ្នាក់ជាតិពិនិត្យបញ្ជីទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានពិនិត្យ និងសម្រេច ពុំមានការស្នើសុំលើកលែងទោសដល់ទណ្ឌិតនោះទេ គឺមានតែការស្នើបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន សរុប៣៥នាក់ (ស្រ្តី៣នាក់) ប៉ុណ្ណោះ ក្នុងចំណោមទណ្ឌិតចំនួន២៧៤នាក់ ដែលបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស សម្រាប់ឱកាសបុណ្យពិសាខបូជាខាងមុខនេះ»។
សូមបញ្ជាក់ថា ការបន្ធូរបន្ថយ និងលើកលែងទោស តែងត្រូវបានធ្វើឡើង៣ដងក្នុងមួយឆ្នាំ ក្នុងនោះមានបុណ្យចូលឆ្នាំថ្មី បុណ្យអុំទូក និងបុណ្យពិសាខបូជា ផងដែរ៕