(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអះអាងថា រយៈពេល១ឆ្នាំ ទៅ២ឆ្នាំខាងមុខទៀត ក្រសួងនឹងរៀបចំ សារមន្ទីរសារព័ត៌មានមួយ តែត្រូវរង់ចាំការទម្លាក់លុយពីរាជរដ្ឋាភិបាល។
ការអះអាងបែបនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាសដឹកនាំអ្នកព័ត៌មាននៅកម្ពុជាជាច្រើន ទៅគោរពវិញ្ញាណក្ខន្ធ អ្នកព័ត៌មាន ដែលបានពលីជីវិតក្នុងបុព្វហេតុព័ត៌មាន នៅស្តូបលើសួនច្បារមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង។
លោករដ្ឋមន្ដ្រីបញ្ជាក់ថា «ក្នុងសារមន្ទីរសារព័ត៌មាននេះ នឹងមានរក្សានូវព័ត៌មានសរសេរ វិទ្យុ ទូរទស្សន៍ទាំងអស់ ដែលយើងនឹងរៀបចំប្រមូលសម្ភារ ប្រមូលរូបថតមិត្តអ្នកកាសែត ដែលបានធ្វើការពីមុនមក ដែលបានល្បីឈ្មោះ ឬដែលបានបាត់បង់ជីវិត ដោយប្រការណាក្ដី»។
តែទោះជាយ៉ាងណាក៏ដោយ លោក ខៀវ កាញារីទ្ធ បានបន្ថែមថា អ្វីៗទាំងអស់ដែលលោក និងក្រុមការងារ បានគិតមកនេះ អាស្រ័យទៅលើរាជរដ្ឋាភិបាលអនុញ្ញាត និងទម្លាក់ថវិកាមកតែប៉ុណ្ណោះ។ យ៉ាងណាមិញ លោករដ្ឋមន្ដ្រី ក៏មិនទាន់បានបញ្ជាក់អំពី ទីតាំងនៃសាងសង់ សារមន្ទីរសារព័ត៌មាន នោះនៅឡើយទេ ដោយហេតុថា ទីតាំងនោះលោកកំពុងតែសិក្សាបន្ថែមទៀត៕