(ភ្នំពេញ)៖ ទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃទី០៣ ខែឧសភា ប្រទេសកម្ពុជា បានលើកយកប្រធានបទមួយស្តីអំពី «ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ឱកាសថ្មី និង ការប្រឈមថ្មី៖ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកស្ទួយឲ្យសង្គមមានយុត្តិធម៌ ការរួបរួម និងសន្តិភាព» មកពិភាក្សា និងធ្វើជាប្រធានបទ ដើម្បីចូលរួមអបអរសាទរ។

ស្របពេលដែលទិវាមួយនេះ កំពុងតែប្រារព្ធធ្វើយ៉ាងអធិកធអធមនៅកម្ពុជា នាថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ មានអ្នកសារព័ត៌មានល្បីៗជាច្រើនរូប បានវាយតម្លៃរួមគ្នា លើទិវាសេរីភាពសារព័ត៌មានពិភពលោកមួយនេះ ក្នុងនោះរួមមាន លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជា សម្រាប់ការ សិក្សានៃសារព័ត៌មាន, លោក ម៉ា យ៉ារិទ្ធិ និពន្ធនាយកអប្សរាណែត និងកញ្ញា អ៉ឹង ច័ន្ទសោភា អ្នកសារព័ត៌មានស្រ្តីវ័យក្មេងរូបស្រស់នៅកម្ពុជា និងជាពិធីការិនីប្រចាំទូរទស្សន៍ផងដែរ។

អ្នកសារព័ត៌មានល្បីៗទាំងនោះ យល់ឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជា​ នឹងរីកចំរើនខ្លាំងជាងនេះបន្ថែមទៀត បើអ្នកសារព័ត៌មាន ចេះអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង។

* លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន បានលើកឡើងថា សេរីភាពសារព័ត៌មាននៅកម្ពុជា មានការរីកចំរើន ខ្លាំងជាងមុន ប៉ុន្តែសមត្ថភាពអ្នកសារព័ត៌មាន នៅតាមបណ្តាខេត្ត ហាក់ដូចជានៅមានកម្រិត ដោយសារតែក្រុមអ្នកសារព័ត៌មានទាំងអស់នោះ មិនបានទទួលការ បណ្តុះបណ្តាលផ្នែកសារព័ត៌មាន។ យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ទោះបីជាមានការគាប់សង្កត់អ្នកសារព័ត៌មាន ដោយអន្លើៗ នៅតាមតំបន់គ្រោះថ្នាក់មួយចំនួន តែបើប្រៀបធៀបកាលពីជាង១០ ទៅ២០ឆ្នាំមុន សេរីភាពសារព័ត៌មាន មានការគាប់សង្កត់ ខ្លាំងជាងនេះ តែមិនយូរមិនឆាប់វិស័យសារព័ត៌មានកម្ពុជា នឹងមានការរីកចំរើនខ្លាំងជាងមុនជាក់ជាមិនខាន។


(លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាសារព័ត៌មាន)

* លោក ម៉ា យ៉ារិទ្ធិ និពន្ធនាយកអប្សរាណែត បានលើកឡើងថា សេរីភាពសារព័តមាននៅកម្ពុជា ពិតជាមានសរីភាពទូលំទូលាយ ដោយសារតែមានការ កើនឡើងនូវផ្សព្វផ្សាយនៅកម្ពុជា ពេលខ្លះរហូតដល់មានអ្នកសារព័ត៌មានខ្លះ ប្រព្រឹត្តខុសក្របសីលធម៌ វិជ្ជាជីវៈ។ ទោះបីជាសេរីភាពសារព័តមាននៅកម្ពុជា មានការរីកចំរើនជាងមុន ប៉ុន្តែអ្នកសារព័ត៌មានខ្លួនឯង ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈឲ្យបានល្អបំផុត។

អ្នកកាសែតជើងចាស់ដ៏ល្បីរូបនេះបានថ្លែងឲ្យដឹងថា ការប្តឹងអ្នកកាសែត និងការចាប់អ្នកសារព័ត៌មាន គឺប្រទេសនីមួយៗ​ធ្វើឡើងតាមច្បាប់។ លោកថា ករណីអ្នកសារព័ត៌មានប្រព្រឹត្តខុសច្បាប់ គឺត្រូវទទួលខុសត្រូវទៅតាមច្បាប់ មានតែច្បាប់ជាអ្នកដាក់ទោសលើអ្នកកាសែតនោះ ហើយពេលនោះ កុំចោទថា គេធ្វើបាប ឬរងភាពអយុត្តិធម៌។


(លោក ម៉ា យ៉ារិទ្ធិ និពន្ធនាយកអប្សរាណែត)

* កញ្ញា អ៊ុន ច័ន្ទសោភា អ្នកសារព័ត៌មានស្រ្តីវ័យក្មេងរូបស្រស់នៅកម្ពុជា បានលើកឡើងថា កម្ពុជាពិតជាមានការរីកចំរើនខ្លាំង លើប្រព័ន្ធផ្សព្វផ្សាយ រហូតធ្វើឲ្យសេរីភាពសារព័តមាននៅកម្ពុជា ក៏មានការរីកចំរើនខ្លាំងដូចគ្នាដែរ។

ពិធីការិនីទូរទស្សន៍ដែលប្រឡូកក្នុងវិស័យសារព័ត៌មានជាង១០ឆ្នាំ និងធ្លាប់ទទួលបានការបណ្តុះបណ្តាលពីប្រទេសបារាំងរូបនេះ បានវាយតម្លៃខ្ពស់ពី សេរីភាពសារព័តមាននៅកម្ពុជា ប៉ុន្តែកញ្ញាក៏ចង់ឲ្យវិស័យមួយនេះ កាន់តែរីកចំរើនខ្លាំង ដើម្បីបានប្រកួតប្រជែងជាមួយបណ្តាប្រទេសជាច្រើនទៀត នៅលើពិភពលោក។ ប៉ុន្តែសើម្បីឲ្យវិស័យសារព័ត៌មាន មានការរីកចំរើនទាំងអ្នកសារព័ត៌មាន និងមន្រ្តីអ្នកនាំពាក្យរាជរដ្ឋាភិបាល ត្រូវមានការសហការ គ្នាឲ្យបានល្អ ហើយសម្រាប់អ្នកសារព័ត៌មានខ្លួនឯង ក៏ត្រូវពង្រឹងសមត្ថភាពឲ្យខ្លាំងក្លាថែមទៀត។

ភ្ជាប់ជាមួយគ្នានេះ កញ្ញា សោភា ដែលអ្នកសារព័ត៌មាននិយមស្ទីលបែបបច្ចឹមប្រទេសរូបនោះ បានវាយតម្លៃពីការចូលរួមរបស់ស្រ្តីក្នុងវិស័យ សារព័ត៌មានដែរ។ កញ្ញាបាននិយាយថា ស្របពេលដែលសេរីភាព សារព័ត៌មាន នៅកម្ពុជារីកចំរើន តែអ្នកសារព័ត៌មានជាស្រ្តរីក៏បានច្រើនដែល ប្រឡូកក្នុងវិស័យមួយនេះ និងបានដឹកដៃគ្នាជាមួយអ្នកសារព័ត៌មានបុរសៗ ធ្វើការងារជាច្រើនឲ្យដំណើរការប្រកបដោយជោគជ័យ។


(កញ្ញា អ៊ុន ច័ន្ទសោភា អ្នកសារព័ត៌មានស្រ្តីវ័យក្មេង និងជាពិធីការិនីទូរទស្សន៍)

កាលពីម្សិលមិញដែរ អ្នកសារព័ត៌មានល្បីៗ៣រូបទៀតរួមមាន៖ លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា, លោក ហ៊ុយ វណ្ណៈ ប្រធានសហភាព សហព័ន្ធសារព័ត៌មានកម្ពុជា, លោក ឆាយ សុផល សាស្រ្តចារ្យផ្នែកសារព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ ក៏បានវាយតម្លៃឲ្យដឹងថា សេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរីកចម្រើន តែអ្នកសារព័ត៌មានត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត។

គួរបញ្ជាក់ថា ទិវាសេរីភាពសារព័ត៌មានពិភពលោកខួបទី១៦ កម្ពុជាបានរៀបចំឡើង ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយបែបថ្មី ឱកាសថ្មី និងការ ប្រឈមថ្មី៖ តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការលើកស្ទួយ ឲ្យសង្គមមានយុត្តិធម៌ ការរួបរួម និងសន្តិភាព» ដោយមានអ្នកសារព័ត៌មានល្បីៗជាច្រើនរូប មកពីប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅទូទាំងប្រទេសចូលរួមផងដែរ។

កម្ពុជា តែងតែរៀបចំទិវាសេរីភាពសារព័ត៌មានពិភពលោកនេះ ជារៀងរាល់ឆ្នាំ ដើម្បីឲ្យអ្នកសារព័ត៌មានមកពីគ្រប់ប្រព័ន្ធផ្សព្វផ្សាយ បានជួបជុំគ្នា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យសារព័ត៌មាន នៅកម្ពុជា មានការរីកចម្រើនបន្ថែមទៀត៕