(បាត់ដំបង)៖ ឆ្លងតាមការស៊ើបអង្កេតជាប្រចាំ មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយសមត្ថកិច្ចចម្រុះ បានបង្រ្កាបបានទំនិញ ខូចគុណភាពមួយចំនួន ដែលជនខិលខូចបានលួចនាំចូលពីប្រទេសថៃ មកលក់ចែកចាយក្នុងស្រុក។ ជាក់ស្តែងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលខេត្ត ប្រចាំនៅប៉ុស្ដិ៍អូររំដួល បានឃាត់ចាប់សាច់មាន់ ជង្គង់មាន់ខូចគុណភាពចំនួន១៤០គីឡូក្រាម និង នំចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ គ្មានស្លាកសញ្ញាស្មើចំនួន២០គីឡូក្រាម យកទៅដុតកម្ទេចចោលភ្លាមៗ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ទោះជាមន្រ្តីជំនាញ បានខិតខំផ្សព្វផ្សាយពីផលប៉ះពាល់សុខភាព អ្នកប្រើប្រាស់ទំនិញពាក់ព័ន្ធចំណីអាហារខូចគុណភាព យ៉ាងណាក៏ដោយ ក៏ជនខិលខូចនៅតែប្រព្រឹត្តលួចនាំចូលទំនិញ ហាមឃាត់ទាំងនោះម្តងម្កាល ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីសុខភាពអ្នកដ៏ទៃឡើយ។ តែទោះជាមានករណីនេះកើតឡើងក៏សមត្ថកិច្ចជំនាញយើង នៅតែខិតខំទប់ស្កាត់ឲ្យបាន រហូតដល់ចាប់បានយកទៅដុតបំផ្លាញកម្ទេចចោលដដែល។
លោកថា «ដូច្នេះយើងរួមគ្នាទប់ស្កាត់នាំចូលទំនិញខូចគុណភាព មិនមានលក់នៅលើទីផ្សារជាដាច់ខាត ដើម្បីរក្សាសុខភាពអ្នកប្រើប្រាស់ ទូទៅយើងទាំងអស់គ្នា មានសុវត្ថិភាពលើចំណីអាហារប្រចាំថ្ងៃរបស់យើង»៕