(ភ្នំពេញ)៖ ថ្លែងក្នុងដំណើរដឹកនាំអ្នកព័ត៌មាននៅកម្ពុជាជាច្រើន ទៅគោរពវិញ្ញាណក្ខន្ធអ្នកព័ត៌មាន ដែលបានពលីជីវិតក្នុងបុព្វហេតុព័ត៌មាន នៅស្តូបលើសួនច្បារមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អះអាងថា សេរីភាពសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ននេះ ពេញលេញពេកហើយ លើសជាងប្រទេសមួយចំនួនទៀតផង។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថា តើសេរីភាពរបស់អ្នកសារព័ត៌មានកម្ពុជាបច្ចុប្បន្ន ពេញលេញហើយឬនៅ? លោករដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ បានលើកឡើងថា «និយាយរួម បើផ្ទឹមជាមួយប្រទេសគេ គឺពេញលេញណាស់ ហួសផង។ បើប្រទេសគេយើងគ្រាន់តែនិយាយប្រមាថសាសនាគេ ឬដៀលប្រមុខរដ្ឋគេ គឺមានទោសហើយ»។ លោករដ្ឋមន្ដ្រី បានលើកជាឧទាហរណ៍ថា «ថ្មីៗនេះសេរ៉េណា គឺគាត់មានទម្ងន់ ហើយសង្សាររបស់គាត់ ស្បែកស គាត់ស្បែកខ្មៅ ពួកម៉ាកគាត់គ្រាន់តែនិយាយលេងថា ចាំមើលកូនហ្នឹង កាហ្វេសុទ្ធ ឬកាហ្វេទឹកដោះគោ គ្រាន់ប៉ុណ្ណឹង តើវាកើតរឿងប៉ុណ្ណា ហើយបើនៅស្រុកនិយាយប៉ុណ្ណឹង ១០ដងទៀតមិនទាន់អីផង»។
សូមបញ្ជាក់ថា លោករដ្ឋមន្រ្តី ធ្លាប់បានឲ្យដឹងថា អ្នកកាសែតណាដែលបន្លំជាមួយអាជ្ញាធរ គឺខុសនឹងច្បាប់ ហើយថាបើករណីនេះស្ថិតនៅ សហរដ្ឋអាមេរិកវិញ គឺចាប់វ៉ៃខ្នោះបញ្ចូលពន្ធនាគារតែម្តង។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «រឿងអ្នកកាសែតបន្លំខ្លួននេះ ធម្មតាមាន២បែប ចំពោះការបន្លំនេះ ទី១៖ បើយើងបន្លំនៅក្នុងសង្គមងងឹត យើងត្រូវបន្លំខ្លួន ប៉ុន្តែបើការបន្លំជាមួយអាជ្ញាធរមានសមត្ថកិច្ចអាហ្នឹងគឺបោកបន្លំ នេះគឺជារឿងផ្សេងប៉ុន្តែថាទោសអ្វីនោះ ខ្ញុំមិនដឹងទេ គឺស្ថិតនៅលើអ្នកច្បាប់»៕