(ភ្នំពេញ)៖ បុរសម្នាក់បានទៅយកកូនតែមិនបានកូនហើយ ត្រូវបងប្អូនខាងប្រពន្ធចំនួន៣ទៅ៤នាក់ នាំគ្នាព្រួតវាយ ទៅដល់មុខប៉ុស្តិ៍ នគរបាលអូរឫស្សី៣ ខណ្ឌ៧មករា ថែមទៀតផង តែគ្មានមន្ត្រីនគរបាលណាហ៊ានមកឃាត់ឡើយ។
ករណីហិង្សាខាងប្រពន្ធព្រួតវ៉ៃប្តីខាងលើនេះ បានកើតឡើងនៅខាងមុខប៉ុស្តិ៍នគរបាលអូរឫស្សី៣ ផ្លូវ១៦៤ សង្កាត់អូរឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧។
លោក ជា ខាន់នី អាយុ២៩ឆ្នាំ ដែលត្រូវជាប្អូនប្រុសជនរងគ្រោះ បានប្រាប់ថា មុនមានករណីហិង្សានេះ ខាងស្រីព្រួតវាយបងប្រុស របស់ខ្លួន ពេលទៅយកកូនប្រុសអាយុជាង២០ខែ ដែលគាត់បានលែងលះជាមួយប្រពន្ធ។
លោក ជា ខាន់នី បានបន្ថែមទៀតថា ខាងប្រពន្ធបានបញ្ជាឲ្យបងប្អូនចាំវាយប្តី ដែលជាបងប្រុស ពេលទៅមើលកូន និងថែមទាំង បានប្រាប់ប្រជាពលរដ្ឋថាចោរៗទៀត ដើម្បីឲ្យប្រជាពលរដ្ឋយល់ច្រឡំ និងព្រួតវ៉ៃ តែសំណាងល្អ ត្រូវបានបកស្រាយរឿងទាន់ពេល។
លោកបន្តថា មកដល់លើកទី២នេះ បងប្រុសដែលជាប្តីបានមកយកម៉ូតូផ្ញើនៅខាងមុខផ្សារសេរីភាព ស្រាប់តែខាងប្រពន្ធមានគ្នាចំនួន ៣ទៅ៤នាក់ បានព្រួតវ៉ៃរត់រហូតមកដល់ ខាងមុខប៉ុស្តិ៍នគរបាលអូរឫស្សី៣ ត្រូវបានខាងប្រពន្ធព្រួតវ៉ៃ មិនខ្លាចនគរបាលនិងច្បាប់ សោះឡើយ។
ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍អូរឫស្សី៣ មិនបានទទួលពាក្យប្តឹង និងឃាត់ខ្លួនជនបង្កទាំង៣ ឬ៤នាក់ទេ ថែមទាំងមានមន្ត្រីនគរបាល ជួយសម្របសម្រួលថា ជារឿងដណ្តើមកូនគ្នា តែរឿងបង្កហិង្សាមិនបានលើកយកមកអនុវត្តន៍ទេ៕