(បន្ទាយមានជ័យ)៖ ពិតជាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានហូបសាច់មាន់ កោះមាន់ ចុងស្លាបមាន់ និងជង្គង់មាន់ខូចគុណភាពនាំចូលពីថៃ។ ជាក់ស្តែងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការ ណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្រ្តីការិយាល័យបសុព្យាបាលសត្វខេត្ត បានស្ទាក់ចាប់បានសាច់មាន់ ជង្គង់មាន់...ជិត៧០០គីឡូ ដែលឈ្មួញនាំចូលពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុក ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារ បានថ្លែងប្រាប់អង្គភាព Fresh News មន្រ្តីរបស់លោកក្រោមការបញ្ជាផ្ទាល់ពីលោក ស៊ាន ស៊ីណាត បានចុះទៅស្ទាក់ចាប់បាននូវសាច់មាន់ ចុងស្លាបមាន់ កោះមាន់ និងជង្គង់មាន់ ចំនួន៦៦៥គីឡូក្រាម នាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបង្កប់នៅក្នុងបន្លែ និងផ្លែឈើ នៅម្តុំផ្សាររ៉ា។
លោក ហុង លៀង បានបញ្ជាក់ទៀតថា សម្រាប់សាច់មាន់ដែលខូចគុណភាពទាំងនេះ ត្រូវបានមន្រ្តីកាំកុងត្រូលរបស់លោកសហការ ជាមួយលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុព្យាបាល សហការគ្នាយកទៅដុតកម្ទេចចោលនៅក្នុងបរិវេណ ការិយាល័យក សិកម្មក្រុងប៉ោយប៉ែត នារសៀលថ្ងៃនេះ។
មន្រ្តីកាំកុងត្រូលបានអំពាវនាវដល់ ប្រជាពលរដ្ឋ ជាពិសេសអាជីវករឲ្យបញ្ឈប់ការនាំចូលរួមសាច់ បន្លែ និងផ្លែឈើ ព្រមទាំងទំនិញ ទាំងឡាយ ដែលខូចគុណភាព និងហួសដឺឡេ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខភាព ប្រជាពលរដ្ឋខ្មែររបស់យើង៕